មេដឹកនាំអឺរ៉ុប បានបញ្ជាក់ថា ពួកគេនឹងចូលរួមជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីពីការបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

មេដឹកនាំប្រទេសចំនួន ៥ កំពុងចូលរួមក្នុងនោះមាននាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Friedrich Merz។ ទន្ទឹមនោះក៏នៅមានវត្តមានអគ្គលេខាធិការអង្គការអូតង់ លោក Mark Rutte ផងដែរ។
លោក Zelenskyy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថាការបដិសេធរបស់រុស្ស៊ីក្នុងការទទួលយកបទឈប់បាញ់កំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម។ លោកបានបន្ថែមថា “ ការបញ្ឈប់ការកាប់សម្លាប់គឺជាធាតុសំខាន់នៃការបញ្ឈប់សង្គ្រាម”។
លោក Viktor Tregubov អ្នកនាំពាក្យនៃក្រុមយុទ្ធសាស្ត្រប្រតិបត្តិការ Dnipro នៃយោធាអ៊ុយក្រែន បានប្រាប់ NHK ថា យុទ្ធជនរបស់ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីការពារការរីកចំរើនរបស់យោធារុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ លោកបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមដណ្តើមយកទីក្រុងយុទ្ធសាស្ត្រ Pokrovsk ក្នុងតំបន់ Donetsk តែគេមិនអាចយកបាន។
លោក Tregubov បានបន្តថា ប្រទេសរុស្ស៊ីមានសមត្ថភាពផលិតដ៏ធំ ដែលរួមមានការផលិតយន្តហោះគ្មានមនុស្សបើក និងអាវុធទំនើបៗខណកងកម្លាំងអ៊ុយក្រែនពឹងផ្អែកខ្លាំងលើយន្តហោះគ្មានមនុស្សបើក ប៉ុន្តែពួកគេនៅតែត្រូវការទាហានថ្មើរជើង៕

ដោយ៖ ពេជ្រ