រួមដៃគ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី

វិទ្យុជាតិកម្ពុជា៖លោកចេម ហួត

ភ្នំពេញ៖ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានរៀបចំបាឋកថាស្តីពី«រួមដៃគ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ក្រោមអធិបតីភាពឯកឧត្តម វ៉ាត ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ថ្លែងជម្រាបជូនអង្គពិធីដែលអញ្ជើញមកពីស្ថាប័នទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មូលនិធិ Peaceland  អង្គការ YUNDI សមាគមពាណិជ្ជកម្មហុកគានប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សរុបចំនួន៥០រូប ឯកឧត្តម វ៉ាត ចំរើន បានថ្លែងថា ក្រោមទម្រដ៏រឹងមាំនៃកិច្ចសហការដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិន និងក្រោមដំបូលនៃម្លប់សុខសន្តិភាព គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននិងកំពុងបង្កើនសំឡេងរបស់ខ្លួននៅលើឆាកអន្តរជាតិ ដោយអត្តពលិករបស់កម្ពុជាដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធជាច្រើនមកនៅក្រោយប្រកួតកម្រិតក្នុងតំបន់និងពិភពលោក។ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ពីការគាំទ្ររបស់មិត្តចិនលើវិស័យកីឡា ព្រមទាំងជួយជ្រោមជ្រែងដល់បេសកកម្មការងាររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថែមទៀតផង។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចថា ឆ្នាំ២០២៥ បានរំលេចនូវព្រឹត្តិការណ៍សំខាន់ចំនួន២នោះគឺ ១-ខួប៨០ឆ្នាំនៃការទទួលជ័យជម្នះនៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស។ ២-ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ក្លាយជាសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ តាមរយៈប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជានិងចិនដែលមានអាយុកាលជាង២០០០ឆ្នាំមកនេះ បានបង្ហាញថា ប្រទេសយើងទាំងពីរបានឈានជើងចូលក្នុងទសវត្សរ៍ថ្មីមួយដែលបានរួបរួមគ្នាកាន់តែជិតស្និទ្ធថែមទៀតក្នុងការកសាងគំរូភាពជាដៃគូដែលផ្តល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងជាសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ។ ប្រទេសយើងទាំងពីរ កម្ពុជានិងចិន ឈរលើទស្សនវិស័យនៃពិភពលោកមួយដែលគ្មានសង្គ្រាម និងសម្បូរសប្បាយជាមួយនឹងសន្តិភាពដ៏យូរអង្វែង ចាក់ឫសនៅក្នុងដួងចិត្តរបស់យើង។ សូមឱ្យសេចក្តីប្រាថ្នានៃការអភិវឌ្ឍ វិបុលភាព ភាពស្មើគ្នា និងភាពយុត្តិធម៌រីកដុះដាលនៅទូទាំងពិភពលោក។

ក្រោយពីបានស្ដាប់ដោយយកចិត្តទុកដាក់លើការបកស្រាយ និងការឆ្លើយនូវសំណួរពីអង្គពិធី លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលតែងបង្កើតនូវវេទិកាចែករំលែកនិងផ្សព្វផ្សាយពីវប្បធម៌សន្តិភាពដែលជាទស្សនវិជ្ជានៃប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន។ តាមរយៈវេទិកាទី៣០០របស់លោកបណ្ឌិត ជា មុនីឫទ្ធិ នាថ្ងៃនេះ យើងនឹងអាចបន្តរៀនសូត្រពីគុណតម្លៃស្នូលនៃប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដែលប្រទេសចិនជាអ្នកស្នេហាសន្តិភាព ហើយតែងបន្តរួមចំណែកដល់ការអភិវឌ្ឍជាសកល ដោយប្រទេសចិនតែងផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ។ លោកបានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងនវានុវត្តភាពរបស់យើងជាមួយបណ្តាប្រទេសដទៃទៀត ហើយយើងសូមស្វាគមន៍បណ្តាប្រទេសទាំងអស់ក្នុងការមកដល់នៃដំណើរអភិវឌ្ឍកាន់តែឆាប់រហ័សរបស់ខ្លួន ដើម្បីប្រកៀកស្មារគ្នាឆ្ពោះទៅរកការអភិវឌ្ឍរួម៕

Written by 

Related posts

Leave a Comment