ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ប្រទេសចិន និងអាម៉េរិក បាន និងកំពុងធ្វើការរួមគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តនូវកុងសង់ស៊ីសដែលសម្រេចបានក្នុងជំនួបតាមទូរស័ព្ទរបស់ប្រធានាធិបតីទាំងពីរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ កិច្ចប្រឹងប្រែងទាំងនេះ រួមមានកិច្ចប្រជុំចរចាពន្ធបដិការជុំទី១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាដើមខែឧសភា និងកិច្ចប្រជុំចរចាពន្ធបដិការជុំទី២ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នាដើមខែមិថុនា ឆ្នាំ២០២៥។
នាពេលថ្មីៗនេះ កិច្ចប្រជុំចរចាពន្ធបដិការជុំទី៣ នៅទីក្រុងស្តុកខុម ប្រទេសស៊ុយអែត ទើបតែបិទបញ្ចប់ដោយជោគជ័យជាមួយនឹងលទ្ធផលផ្លែផ្កា ដែលក្នុងនោះប្រទេសចិន និងអាម៉េរិក បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំងបានឯកភាពគ្នាពន្យាពេលការអនុវត្តពន្ធបដិការរយៈពេល ៩០ ថ្ងៃ បន្ថែមទៀត។
លទ្ធផលនេះគឺជាការបោះជំហានដ៏សំខាន់មួយទៀត ក្នុងការបន្តកិច្ចពិភាក្សាស៊ីជម្រៅ និងការកសាងទំនុកចិត្តរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ វាមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការបន្ធូរបន្ថយភាពតានតឹងក្នុងទំនាក់ទំនងពាណិជ្ជកម្មទេ តែថែមទាំងបញ្ជូនសញ្ញាវិជ្ជមានដល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកលផងដែរ ជាពិសេសស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ កំណើនយឺត និងការកើនឡើងនៃភាពមិនប្រាកដប្រជា។
ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ប្រទេសចិន និងអាម៉េរិក ក្តោបក្តាប់ផលិតផលក្នុងស្រុកសកលជាង ៧៥% ដែលជាហេតុនាំឱ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីចិន-អាម៉េរិក មានឥទ្ធិពលយ៉ាងស៊ីជម្រៅទៅលើឧស្សាហកម្មផលិត ខ្សែរច្រវ៉ាក់ផ្គត់ផ្គង់ និងទីផ្សារហិរញ្ញវត្ថុសកល។ ភាពធូរស្បើយនៃភាពតានតឹងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងរួមចំណែកដល់ស្ថិរភាពទីផ្សារសកល ជំរុញការវិនិយោគ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចសកល។
ទោះបីជាមិនអាចដោះស្រាយគ្រប់បញ្ហាលេចធ្លោនានាក្នុងរយៈពេលខ្លី កិច្ចប្រជុំចរចាពន្ធបដិការជុំទី៣ នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត ការកាត់បន្ថយការយល់ខុសពីគ្នាទៅវិញទៅមក និងការស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីឈានទៅសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាជាងការបន្តប្រឈមមុខដាក់គ្នា។
ជាការពិតណាស់ ពុំមានអ្នកឈ្នះពិតប្រាកដទេក្នុងសង្រ្គាមពន្ធគយឡើយ មានតែការចរចា និងកិច្ចសន្ទនាទេ ជាមាគ៌ានាំទៅរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ដរាបណាមហាអំណាចសេដ្ឋកិច្ចទាំងពីរ ប្រកាន់យកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងកិច្ចសន្ទនាត្រង់ទៅ-ត្រង់មក ផ្អែកលើផលប្រយោជន៍ទៅវិញទៅមក នោះពិភពលោកនឹងអាចឈានទៅរកសន្តិភាព ស្ថិរភាព និងវិបុលភាពរួមប្រកបដោយចីរភាព។
អ្វីដែលសំខាន់សម្រាប់ពេលនេះ គឺធ្វើយ៉ាងណាប្រែក្លាយកុងសង់ស៊ីសទីក្រុងស្តុកខុម ឱ្យក្លាយទៅជាលទ្ធផលយូរអង្វែង និងផ្តល់ប្រយោជន៍ទៅវិញទៅមក។ ការបន្តការចរចា និងកិច្ចសហប្រតិបត្តិការនឹងបើកឱកាសបន្ថែមទៀត ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម ពង្រីកទីផ្សារបើកចំហ និងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ដែលជាមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានស្ថិរភាព និងវិបុលភាពយូរអង្វែង។
ជារួម លទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំចរចាពន្ធបដិការជុំទី៣ នេះ មិនត្រឹមតែអាចពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិន និងអាម៉េរិកនោះទេ តែថែមទាំងរួមចំណែកដល់ការរក្សាស្ថិរភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកលផងដែរ។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
