ខេត្តតាកែវ រៀបចំពិធី លែងកូនត្រី និងបង្កង ជាង ៦ ម៉ឺនក្បាល ចូលដងស្ទឹងអង្គរបូរី ស្រុកអង្គរបូរី

តាកែវ៖ នៅថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងតំណាងទីភ្នាក់ងារ JICA និង UNDP លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួម អបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ ដោយបានធ្វើការលែងកូនត្រីចម្រុះ និងបង្កង សរុប ៦០០០០ក្បាល ចូលក្នុងដងស្ទឹងអង្គរបូរី ស្ថិតនៅឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីបង្កើនផលស្ដុកនៅក្នុងធម្មជាតិ ឱ្យកាន់តែសម្បូរណ៍ឡើងថែមទៀត សម្រាប់ប្រយោជន៍ ដល់សហគមន៍មូលដ្ឋាន។

យោងតាមការរបាយការណ៍របស់ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យ ដឹងថា កន្លងមកខេត្តតាកែវ បានទទួលរៀបចំ អបអរសាទរទិវាមច្ឆជាតិ ថ្នាក់ជាតិ បានចំនួន ២លើក គឺ៖ លើកទី១ នៅបឹងអូរតុំ ភូមិត្រពាំងថ្លុង សង្កាត់រកាក្រៅ ក្រុងដូនកែវ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៧ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ លើកទី២ នៅទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

រដ្ឋបាលខេត្តបានអោយដឹងថា នៅទូទាំងខេត្តតាកែវ មានសហគមន៍នេសាទ ចំនួន ១៩កន្លែង និងស្រះជម្រកត្រី ចំនួន ៤៨កន្លែង។ ផលនេសាទសរុប ១១៩២៩តោន (បង្កង ២៤តោន ក្នុងនោះបង្កងធម្មជាតិ ១៤តោន និងវារីវប្បកម្ម ១០តោន)។ កសិដ្ឋានផលិតកូនត្រីពូជចំនួន ២៣កន្លែង (ផលិត និងបំប៉នកូនត្រីចំនួន ១៤,០៣៥,០០០កូន បង្កងដៃវែង និងបង្កង អូស្រ្តាលីចំនួន ៨៥០,០០០កូន និងកង្កែប ៣២៣,០០០កូន) និងស្រះត្រី មានចំនួន ៧៥០០ស្រះ (ចិញ្ចឹមបង្កង ២០ស្រះ)៕តាកែវ

Written by 

Related posts

Leave a Comment