សារព័ត៌មាន New York Times (NYT) បានរាយការណ៍ កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពដែលដឹងអំពីបញ្ហានេះថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានបំណងរៀបចំកិច្ចប្រជុំផ្ទាល់ជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅដើមសប្តាហ៍ក្រោយ។

លោក ត្រាំ បានបង្ហាញពីផែនការនេះ ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអឺរ៉ុបខាងលិចមួយចំនួន។
របាយការណ៍នេះ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានមើលឃើញពីភាពល្អប្រសើរក្នុងជំនួបរវាងលោកពូទីន និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff ។
លោក បានលើកឡើងថា នេះជាវឌ្ឍនភាពដ៏អស្ចារ្យ ដែលត្រូវបានសម្រេចក្នុងជំនួបរយៈពេលជិត ៣ម៉ោង ហើយភាគីយល់ព្រមធ្វើការលើការបញ្ចប់ជម្លោះអ៊ុយក្រែន នៅពេលដ៏សមស្រប។
គួរបញ្ជាក់ថា លោក Witkoff បានចាកចេញពីមជ្ឈិមបូព៌ា ទៅកាន់ប្រទេសរុស្ស៊ី កាលពីម្សិលមិញ ដើម្បីជួបចរចានឹងលោក ពូទីន ជុំវិញការបញ្ចប់ជម្លោះទាំងស្រុងនៅអ៊ុយក្រែន៕

ដោយ៖ ពេជ្រ