ក្លិបបាលទាត់ភ្នំពេញក្រោន ចាប់ដៃគូជាមួយ អង្គការស្មារតីនៃអ្នកកីឡា ក្នុងគម្រោង «បាល់ទាត់ និងការអប់រំអំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ»

ក្លឹបបាល់ទាត់ភ្នំពេញក្រោន សហការជាមួយ អង្គការស្មារតីនៃអ្នកកីឡា ថ្ងៃនេះបានប្រកាសគំនិតផ្តួចផ្តើមថ្មីមួយគឺ៖ «បាល់ទាត់ និងការអប់រំអំពីហានិភ័យអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ»។

គម្រោងដ៏សំខាន់នេះ ក្រោមកិច្ចសហការណ៍ជាមួយ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) នឹងផ្តល់ការអប់រំស្តីពីហានិភ័យនៃអាវុធជាតិផ្ទុះ (EORE) ជាបន្ទាន់តាមរយៈកីឡាបាល់ទាត់ដែលជាកីឡាទទួលបានការស្រលាញ់ដោយយុវជនដែលផ្លាស់ទីលំនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ។

គំនិតផ្តួចផ្តើមនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងជម្លោះព្រំដែននាពេលថ្មីៗនេះរវាងកម្ពុជា និងថៃ ដែលបាននាំឱ្យមានការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន។ ខណៈពេលដែលសហគមន៍ជាច្រើនកំពុងចាប់ផ្តើមដំណើរការត្រឡប់ទៅផ្ទះរបស់ពួកគេវិញ វាអាចជាការគំរាមកំហែងនៃហានិភ័យសំណល់ជាតិផ្ទុះដែលសល់ពីសង្រ្គាម (ERW) ដែលនៅតែជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ជាពិសេសសម្រាប់កុមារ។

លោក លី ហៀង អគ្គលេខាធិការក្លឹប បាននិយាយថា «ភ្នំពេញក្រោនគឺលើសពីក្លឹបបាល់ទាត់មួយ យើងគឺជាសសរស្តម្ភនៃសហគមន៍របស់យើង។ សុវត្ថិភាព និងសុខុមាលភាពរបស់យុវជនកម្ពុជា គឺជាអាទិភាពបំផុតរបស់យើង។ តាមរយៈការចាប់ដៃគូជាមួយ អង្គការស្មារតីនៃអ្នកកីឡា យើងអាចប្រើប្រាស់អនុភាពកីឡាបាល់ទាត់ ដើម្បីផ្តល់សារសង្គ្រោះជីវិតការភ្ជាប់ទំនាក់ទំនង និងជះឥទ្ធិពលសម្រាប់យុវជនទាំងនេះ។»

អង្គការស្មារតីនៃអ្នកកីឡា ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីល្បាញដែលមានឯកទេសក្នុងការប្រើប្រាស់កីឡាបាល់ទាត់ដើម្បីបង្រៀនការយល់ដឹងអំពីហានិភ័យអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ នឹងដឹកនាំការបណ្តុះបណ្តាលដោយផ្ទាល់តាមរយៈគរុកោសល្យដែលគេមាន។ កម្មវិធីសិក្សាដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយ CMAA នឹងផ្តល់នូវព័ត៌មានសំខាន់ៗ ស្តីពីការកំណត់អត្តសញ្ញាណ ការជៀសវាង និងការរាយការណ៍អំពី គ្រាប់មិនទាន់ផ្ទុះទាំងអស់ តាមរយះកម្មវិធីកីឡាដើម្បីសាមគ្គីភាព និងការអប់រំកាយដើម្បីអោយស្មារតីរឹងមាំឡើងវិញក្រោយពីភាពភ័យខ្លាចនៃសង្រ្គាម។

លោក Scotty Lee ស្ថាបនិកអង្គការស្មារតីនៃអ្នកកីឡាបានមានប្រសាសន៍ថា «យើងមានកិត្តិយសដែលបានចូលរួមជាមួយក្លឹបភ្នំពេញក្រោន FC និង CMAA លើគម្រោងដ៏សំខាន់នេះ។ បាល់ទាត់ ផ្តល់នូវវេទិការពិសេសមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកុមារ និងបញ្ជូនព័ត៌មានសុវត្ថិភាពសំខាន់ៗនៅក្នុងបរិយាកាសដែលមិនមានការបំភិតបំភ័យ។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យយើងបានភ្ជាប់ទៅដល់កុមារដែលផ្លាស់ទីលំនៅរាប់រយនាក់ និងផ្តល់អោយឱ្យពួកគេនូវចំណេះដឹងដែលពួកគេត្រូវការដើម្បីរក្សាសុវត្ថិភាពនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។»

គម្រោងនេះនឹងត្រូវដាក់ឱ្យប្រើនៅក្នុងជំរំជនភៀសខ្លួន និងសហគមន៍វិលត្រឡប់មកវិញក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។(ប្រភពពីផេកផ្លូវការក្លិបបាល់ទាត់ភ្នំពេញក្រោន)

Written by 

Related posts

Leave a Comment