ក្លិបកីឡាបាល់ទាត់បឹងកេតមានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្ររបស់យេីងទាំងអស់មេត្តាជ្រាបថា ៖ បន្ទាប់ពីបានគិតគូរនិងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ប្រកបដោយស្មារតីយោគយល់និងគោរពគ្នាទៅវិញទៅមក ក្លិបកីឡាបាល់ទាត់បឹងកេតនិងក្រុមហ៊ុនឧបត្ថម្ភ EGO Sport ដែលជាដៃគូរយៈពេល៦ឆ្នាំមកហើយ បានឯកភាពគ្នាផ្អាកកិច្ចសហការជាមួយគ្នាអាស្រ័យដោយកាលៈទេសៈនៃស្ថានភាពបច្ចុប្បន្ននេះ ទោះបីជាកិច្ចសន្យានៅសល់សុពលភាពនៅឡើយក្ដី។
ដើម្បីទាន់ការចាប់ផ្ដើមរដូវកាលថ្មី ក្នុងស្ថានភាពបន្ទាន់នេះ ពួកយេីងសូមរក្សាជម្រើសដែលមានជាក់ស្ដែងចំពោះមុខគឺការប្រេីប្រាស់សម្ភារៈដែលបានផលិតនិងបោះពុម្ពរួចរាល់តាំងពីមុនមានភាពតានតឹងកើតឡើង សម្រាប់កីឡាករ និងមន្រ្តីក្រុមយើងប្រើប្រាស់ជាបណ្តោះអាសន្នសិន ខណៈដែលពួកយើងកំពុងស្វែងរកដៃគូឧបត្ថម្ភថ្មីដែលមានគុណភាពល្អសម្រាប់សហការនារដូវកាលក្រោយ។
ក្លិបកីឡាបាល់ទាត់បឹងកេត សូមជម្រាបផងដែរថា រាល់ថវិកាដែលបានពីការលក់សម្លៀកបំពាក់របស់ក្លិបរដូវកាលថ្មីនេះ ក្លិបនឹងដកចំណែកចំនួន 2$/អាវ ពីអាវដែលលក់បាន ដើម្បីយកទៅបរិច្ចាគដល់មូលនិធិសប្បុរសធម៌ ដើម្បីជូនដល់បងប្អូនជនភៀសសឹក បងប្អូនដែលរងផលប៉ះពាល់ និងគាំទ្រដល់វីរៈកងទ័ពជួរមុខរបស់យើង។
គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់នៃក្លិបកីឡាបាល់ទាត់បឹងកេត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់និងការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងអស់នៅក្នុងកាលៈទេសៈលំបាកនេះ។ សូមអរគុណ៕
