ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ពលរដ្ឋខ្មែរនៅតាមបណ្តាទីក្រុង និងតំបន់នានានៅប្រទេសបារាំង អាល្លឺម៉ង់ ប៊ែលហ្ស៊ិក ហូឡង់ ស្វីស អង់គ្លេស ឆែក ហុងគ្រី ក្នុងសា្មរតីសាមគ្គីរួបរួមជាធ្លុងមួយជាមួយប្រជាជនខ្មែរនៅក្នុងស្រុក ដើម្បីបុព្វហេតុសន្តិភាព ជាតិ មាតុភូមិ និងប្រជាជន។
សហគមន៍ខ្មែរដែលរស់នៅទ្វីបអឺរ៉ុប រាប់ពាន់នាក់ បានជួបជុំសម្ដែងមតិ ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖
ទី១៖ ប្រកាសសម្ដែងនូវកតញ្ញូដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំកម្ពុជា ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់ដ៏ធំធេង និងប្ដូរផ្ដាច់បំផុត ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ទី២៖ ថ្លែងអំណរគុណចំពោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីមប្រាហ៊ីម ដែលបានផ្ដួចផ្ដើម និងសហការរៀបចំឱ្យមានកិច្ចប្រជុំពិសេសរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ ព្រមទាំងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន ដែលបាននាំឱ្យមាននូវបទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ រវាងកម្ពុជា និងថៃ។
គាំទ្រប្រធានាធិបតី ត្រាំ ជាប្រធានាធិបតីសន្តិភាព។
ទី៣៖ សម្តែងមរណទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃវីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារទឹកដី។
ទី៤៖ អំពាវនាវដល់បងប្អូនជនរួមជាតិ បន្តរក្សាសាមគ្គីភាព និងឯកភាពជាតិ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសសកម្មភាពជ្រោមជ្រែង និងលើកទឹកចិត្តដល់វីរកងទ័ព ក៏ដូចជាការសម្រួលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក តាមមធ្យោបាយ និងលទ្ធភាព ដែលអាចធ្វើទៅបាន។
ទី៥៖ អំពាវនាវឲ្យសហគមន៍អន្តរជាតិ ចូលរួមឱ្យបានកាន់តែសកម្ម ដើម្បី៖
*ជំរុញឱ្យភាគីថៃ គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ចំពោះបទឈប់បាញ់
*គាំទ្រយន្តការត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធជាស្ថាពរ
*ជំរុញការដោះស្រាយបញ្ហាដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ៕(ប្រភពពី CPP)


