ភ្នំពេញ៖ ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មូលនិធិចិនPeaceland វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានរៀបចំកម្មវិធីបាឋកថាឈ្វេងយល់ពី«គម្រោងតូចនិងឆ្លាត»ផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ក្នុងគោលបំណងសំខាន់ចំនួន២គឺ ១-រំលេចកាន់តែច្បាស់ពីគំនិតផ្តួចផ្តើមអភិវឌ្ឍសកលដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន កាលពីខែកញ្ញា ឆ្នាំ២០២១ និង២-បង្ហាញពីភាពជោគជ័យនៃការអនុវត្តគម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន ដែលជាគម្រោងដ៏មានសក្តានុពលរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ។
លោកស្រី លី ម៉ីជិន (李枚珍)នាយិកាភាគីចិននៃវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានមានប្រសាសន៍ថា «គម្រោងតូចនិងឆ្លាត» ដែលជាបទពិសោធន៍របស់ប្រទេសចិន បាននិងកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជាតាមរយៈសង្គមស៊ីវិលរបស់ប្រទេសចិនដែលរួមមានមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និង មូលនិធិចិនPeaceland ជាដើម។ គម្រោងទាំងនេះមិនត្រឹមផ្តល់នូវការបណ្តាក់ទុនក្នុងកម្រិតទាបប៉ុណ្ណោះទេ ពោលគឺបានផ្តល់ផលដោយផ្ទាល់ជូនដល់ប្រជាជនកម្ពុជាដោយបានបំពេញនូវតម្រូវការជាក់ស្តែងថែមទៀតផង។
លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍបានរំលេចពីគម្រោងជាច្រើនដែលមូលនិធិបានអនុវត្តក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ លោកក៏បានលើកយកនូវគម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន មកធ្វើជាឧទាហរណ៍បញ្ជាក់ថែមទៀតផង។ លើសពីនេះលោកក៏បានបង្ហាញថា ការស្តារនិងអភិវឌ្ឍជនបទនៅក្នុងប្រទេសកម្ពុជាត្រូវការអនុវត្តគម្រោងនេះយ៉ាងពេញលេញដើម្បីផ្តល់នូវស្នាមញញឹមនិងជីវភាពកាន់តែប្រពៃដល់ប្រជាជនកម្ពុជា។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានពន្យល់ថា «គម្រោងតូចនិងឆ្លាត» ជាបទពិសោធន៍ដែលសង្គមស៊ីវិលរបស់ប្រទេសចិនបានយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា ប្រយោជន៍ចាក់បញ្ចូលមិនត្រឹមបទពិសោធន៍ជោគជ័យរបស់ប្រទេសចិនលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាយន្តការស្នូលនៅក្នុងការប្រមូលផ្តុំកម្លាំងសង្គមស៊ីវិលចិនក្នុងការរួមចំណែកបង្កើនកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថែមទៀតផង។
ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មបានបញ្ជាក់ថា បាឋកថានេះឆ្លុះបញ្ចាំងកាន់តែខ្លាំងថែមទៀតនូវចំណងទាក់ទងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ហើយក៏ជាផ្តល់ឱកាសដល់និស្សិតកម្ពុជាដែលជាពិសេសនិស្សិតសិក្សាជំនាញកសិកម្ម ជំនាញអភិវឌ្ឍជនបទមានលទ្ធភាពចូលរួមជាចំណែកជាមួយបណ្តាសង្គមស៊ីវិលចិនក្នុងការអនុវត្ត«គម្រោងតូចនិងឆ្លាត»ដែលជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕


