ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំព្រមទាំងមន្ដ្រីគយ និងរដ្ឋាករមួយចំនួន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ មកប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹកជម្លៀសមកកាន់ទីតាំងសុវត្ថិភាព ដោយសារការឈ្លានពានរបស់កងទ័ពថៃ នៅខេត្តឧត្តរមានជ័យ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានពាំនាំការផ្ដាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។
ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជននឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។ ចំពោះប្រជាពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ និងយ៉ាងមរមាញឹក ដើម្បីឧបត្ថម្ភគាំទ្រទាំងស្មារតី និងសំភារៈសំដៅដោះស្រាយ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។

តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្នុងស្មារតីសាមគ្គីជាតិ យន្តការការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ និងទឹកចិត្តមនុស្សធ៌ម/សប្បុរសធ៌ម, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំការចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនាពេលនេះ។
អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបណ្ឌិត គុណ ញឹម និងគណប្រតិភូនាំយកមកប្រគល់ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនាពេលនេះ មានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន សរុបចំនួន ៥០០០ កញ្ចប់ (Kits) ដើម្បីចែកជូនដូចខាងក្រោម៖
* សម្រាប់វីរកងទ័ព មានចំនួន ១០០០ កញ្ចប់ សរុបរួមមាន៖ អំបុកលីង ចំនួន ៥០០ គីឡូក្រាម, នំកងទ័ព ចំនួន ៣០០០ដុំ, ស្ករគ្រាប់កាហ្វេ ចំនួន ១០០០ កញ្ចប់, ស្ករស ចំនួន ៤០០គីឡូក្រាម, បារី ចំនួន ២០០០ កញ្ចប់, កាហ្វេ ចំនួន ១០០០០ កញ្ចប់, ឆៃប៉ូវ ចំនួន ១០០០ គីឡូក្រាម, បាយក្តាំង ចំនួន ២០០០ កញ្ចប់, ក្រមា ចំនួន ១០០០, ម៉ាស់ ចំនួន ៣០០០០ បន្ទះ និងខ្ទឹមស ចំនួន ១០០០ កញ្ចប់
* ប្រជាពលរដ្ឋភៀសសឹក មានចំនួន ៤០០០ កញ្ចប់ (១កញ្ចប់សម្រាប់១គ្រួសារ) សរុបរួមមាន៖ គ្រឿងឧបភោគបរិភោគមាន អង្ករ ២០ តោន, ត្រីខ ចំនួន ៨០០០កំប៉ុង, ទឹកក្រូច ចំនួន ៥២០០កំប៉ុង, សាច់ក្រក ចំនួន ២ តោន, ត្រីងៀត ចំនួន ២ តោន, ទឹកស៊ីអ៉ីវ ៤០០០ ដប, ទឹកដោះគោខាប់ ចំនួន ៨៤ កេស (ស្មើនឹង ៤០៣២ កំប៉ុង), ទឹកដោះស្រស់ Angkor Milk ចំនួន ៦៧០ កេស និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន រួមមាន សាប៊ូដុំដុសខ្លួន, សាប៊ូបោកខោអាវ, ប្រេងកូឡា, ថ្នាំដុសធ្មេញ-ច្រាសដុសធ្មេញ, សំឡីអនាម័យ, ភួយ, ខ្នើយ, មុង និងក្រមា ដែលក្នុងមួយមុខៗ មានចំនួន ៤០០០៕




