បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា កម្ពុជានឹងរៀបចំធ្វើ លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយ ថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ ចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស ៩១១ រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះ មហន្តរាយ (មជ្ឈមណ្ឌល-អាហា) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតប គ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រាជធានីភ្នំពេញ។
ARDEX-25 ជាលំហាត់សមយុទ្ធពេញលេញ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីធ្វើតេស្តសាកល្បង និង វាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយរបស់អាស៊ាន ដោយរួមបញ្ចូលដំណើរការ ត្រៀមរៀបចំ ការរុករកនិងសង្គ្រោះ ការប៉ាន់ប្រមាណផលប៉ះពាល់ និងយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់កម្រិតប្រទេសដែល ផ្សារភ្ជាប់នឹងអាស៊ាន ក្នុងគោលបំណងសង្គ្រោះអាយុជីវិតជនរងគ្រោះដោយគ្រោះមហន្តរាយ តាមរយៈការរុករកនិងសង្គ្រោះ ការផ្តល់នូវសេវាសុខាភិបាល ការផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការផ្តល់ស្បៀងអាហារ និងអនាម័យទឹកស្អាត ជា ដើម។
លំហាត់សមយុទ្ធនេះក៏នឹងរួមបញ្ចូលការធ្វើតេស្តសាកល្បងនីតិវិធីប្រតិបត្តិស្តង់ដាអាស៊ានសម្រាប់ការត្រៀមរៀបចំ ក្នុងតំបន់ (SASOP) និងលក្ខខណ្ឌការងាររបស់អគ្គលេខាធិការអាស៊ានក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ អាស៊ានផងដែរ។ វិធានដែលនឹងត្រូវប្រើប្រាស់សម្រាប់ ARDEX-25 រួមមាន៖ លំហាត់លើតុ (TTX) លំហាត់ប៉ុស្តិ៍បញ្ជាការ (CPX) និងលំហាត់ហ្វឹកហ្វឺននៅទីវាល (FTX)។
លំហាត់សមយុទ្ធនេះ មានការចូលរួមពី ប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រឡេស្តេ ដៃគូសន្ទនាអាស៊ាន អគ្គលេខាធិការអាស៊ាន នាយកប្រតិបត្តិមជ្ឈមណ្ឌល-អាហា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាបរទេសប្រចាំ ព្រះរាជាណាចក្រកម្ពុជា ក្រសួងស្ថាប័នជំនាញ កងប្រតិបត្តិការរុករក និងសង្គ្រោះ អភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារ សហប្រជាជាតិ អង្គការអន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ៦៥០នាក់។ ពិធីបើកលំហាត់សមយុទ្ធ នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព ជើងគោក ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. និងជា ប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ។ ពិធីបិទលំហាត់សមយុទ្ធ និងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព ជើងគោក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕


