អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋ លោក Rushikesh Patel បានរាយការណ៍ថា ចំនួនអ្នកស្លាប់ ដោយសារការបាក់ស្ពាននៅភាគខាងលិចប្រទេសឥណ្ឌា កើនឡើងដល់ ២១ នាក់ហើយ ខណៈជាស្ពានឆ្លងកាត់ទន្លេ Mahi ក្នុងរដ្ឋ Gujarat ។

ស្ពាននេះ បានបាក់ស្រុត កាលពីថ្ងៃពុធ ចំពេលមានចរាចរណ៍រថយន្តធុនធ្ងន់ ដែលបណ្ដាលឲ្យរថយន្តជាច្រើនគ្រឿងត្រូវធ្លាក់ចូលទន្លេ ដោយមកទល់ពេលនេះមនុស្ស ២ នាក់ នៅបន្តបាត់ខ្លួន។
តាមការរកឃើញបឋម ការបាក់ស្រុតនេះ បណ្តាលមកពីសសរស្ពានមិនរឹងមាំ ខណៈកន្លងមកអ្នកស្រុក ធ្លាប់ទទូចឲ្យអាជ្ញាធរ មកពិនិត្យពីសំណង់ស្ពាននេះ ប៉ុន្តែមិនមានការឆ្លើយតបរហូតដល់កើតមានឧបទ្ទវហេតុនេះកើតឡើង។
ទោះជាយ៉ាងណា អភិបាលរដ្ឋ Gujarat លោក Bhupendrabhai Patel បានបញ្ជាឱ្យអ្នកជំនាញកំណត់មូលហេតុនៃការបាក់នេះ មិនឲ្យលើសពីមួយខែ នោះទេ។
គួរបញ្ជាក់ថា ស្ពាននេះ បានបាក់កាលពីថ្ងៃពុធ ដោយសារតែចរាចរណ៍នៃរថយន្តធុនធ្ងន់ ធ្វើឲ្យសសរស្ពានមិនអាចទ្រទម្ងន់បាន បណ្ដាលឲ្យរថយន្តមួយចំនួនធ្លាក់ចូលទឹកទន្លេ ៕

ដោយ៖ ពេជ្រ