ខេត្តរតនគិរី÷ ប្រជាកសិករដាំដំណាំទំពាំងបារាំងជាបន្លែមួយប្រភេទ ដែលមានអាយុកាលដាំដុះវែងអាចចាប់ផ្តើមប្រមូលផល ក្រោយពីដាំដុះបាន ៥ ទៅ ៦ខែ ហើយអាចបន្តប្រមូលផលបានដល់អាយុ ១៥ ទៅ ២០ឆ្នាំ ប៉ុន្តែត្រូវទុកចន្លោះតែងដើមចាប់ពី ៣ទៅ ៤ខែម្តង។

ដីដែលល្អសម្រាប់ការដាំដុះ ត្រូវតែជាដីដែលមិនជាំទឹក វាមិនត្រូវការសារធាតុចិញ្ចឹមច្រើនដូចដំណាំផ្សេងៗទៀតទេ ហើយធន់និងអាកាសធាតុរាំងស្ងួត ប៉ុន្តែវាទាមទារការថែទាំយកចិត្តទុកដាក់ខ្ពស់ ប្រើប្រាស់កម្លាំងពលកម្មច្រើនសម្រាប់សម្អាតស្មៅជាប្រចាំ ស្រោចស្រព និងការប្រមូលផលពន្លករៀងរាល់ថ្ងៃ មិនអាចទុកពន្លកទំពាំងឲ្យចាស់បានទេត្រូវដកចេញពីគុម្ព។
លោកស្រី ឌុច ស្រីពៅ កសិករដាំដំណាំទំពាំងបារាំងសរីរាង្គនៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី បានលើកឡើងថា លោកស្រីបានចាប់ផ្ដើមដាំដំណាំសរីរាង្គនេះ អស់រយៈពេល១ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅតាមបណ្តា រាជធានី,ខេត្ត,ក្រុង ផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋ ទិញយកទៅបរិភោគ។

លោកស្រីបានបញ្ជាក់ថា ដំណាំទំពាំងបារាំងនេះ មានអត្ថប្រយោជន៍ច្រើន សម្រាប់ជួយដល់សុខភាពមនុស្ស ដូចជា៖ ជួយលាងសម្អាត ជាតិពុលក្នុងសសៃឈាម, ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម, ជួយប្រឆាំងនិងជំងឺមហារីក, និងជួយសម្រួលដល់ការបន្ទោបង់ជាដើម។
លោកស្រីបានបញ្ជាក់ទៀតថា ដំណាំប្រភេទនេះ ត្រូវដាំក្នុងរយៈពេល៦ខែ ហើយត្រូវការស្រោចទឹកម្ដងក្នុង១ថ្ងៃនៅរដូវប្រាំង ក្នុងអំឡុងពេល ២ខែ ត្រូវការដាក់ជីម្ដង និងក្រោយពីការដាក់ជីអស់រយៈពេល៦ខែ គឺកសិករ អាចប្រមូលផលបានជារៀងរាល់ថ្ងៃ។

លោកស្រី ថា មូលហេតុដែលលោកស្រីដាំដំណាំទំពាំងបារាំងសរីរាង្គនេះ ដោយសារដំណាំប្រភេទនេះ មានទីផ្សារល្អ និងមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពអ្នកបរិភោគ និងអ្នកដំា។ លោកស្រី មានគម្រោងដាំលក្ខណៈគ្រួសារទេ ប៉ុន្តែពេលដាំទៅ លោកស្រីមើលឃើញព័ត៌មានឃើញថាទីផ្សារល្អ ហើយមានការនិយម ភ្ញៀវចូលចិត្តច្រើន ដោយសារវាមានប្រយោជន៍ច្រើនយ៉ាង ពីទំពាំងបារាំងហ្នឹង លោកស្រីក៏ចាប់ផ្ដើមដាំវា តែក៏មិនហ៊ានដាំច្រើនដែរ ដាំសមល្មម ព្រោះយើងដាំតាមបែបធម្មជាតិ យើងអត់ប្រើថ្នាំពុល អត់ជីគីមីទេ ចឹងវាពិបាកក្នុងការថែទាំស្មៅ។
ដំណាំទំពាំងបារាំងសរីរាង្គរបស់លោកស្រី នេះ បានដាំតាំងពីឆ្នាំ២០២៤ លើផ្ទៃដីជាង១ហិកតា ស្មើនិង៦០០០គុម្ព។ សម្រាប់តម្លៃទំពាំងបារាំង បោះដុំក្នុង១គីឡូក្រាម២០០០០រៀល, រីឯចំណែកគ្រាប់ពូជវិញ ១គីឡូក្រាមមានតម្លៃ១០០០ដុល្លារ៕


