ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ការដោះស្រាយជម្លោះអ៊ុយក្រែន បង្ហាញឱ្យឃើញថា មានការលំបាកជាងការរំពឹងទុក។

លោក ត្រាំ បាននិយាយថា លោក មិននឹកស្មានថាសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មានលក្ខខណ្ឌដែលពិបាកក្នុងការឈានដល់ការបញ្ចប់អរិភាពនោះទេ។
ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ បានប្តេជ្ញាម្តងហើយម្តងទៀតថានឹងបញ្ចប់ជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ក្នុងរយៈពេលខ្លី។
ទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក ត្រាំ បានទទួលស្គាល់ជាបណ្តើរៗថា ការខិតខំប្រឹងប្រែងអាចចំណាយពេលយូរជាងការសន្យារបស់លោក ថាប្រើពេលតែ ២៤ ម៉ោង។
ថ្លែងទៅកាន់សារព័ត៌មាន កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា លោកមិនសប្បាយចិត្តនឹងលោក ពូទីនទេ ជុំវិញការសម្លាប់មនុស្សជាច្រើននៅសមរភូមិ។
យោងតាម លោក ត្រាំ អះអាងថា មនុស្សរហូតដល់ ៧,០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះរៀងរាល់សប្តាហ៍ ។
គួរបញ្ជាក់ថា មុនលោក ត្រាំ ចូលកាន់តំណែងជាផ្លូវការ លោក បានប្ដេជ្ញាក៏ដូចជាសន្យាថានឹងជួយដោះស្រាយជម្លោះនៅអ៊ុយក្រែន ដោយប្រើពេលតែ ២៤ ម៉ោង ប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ លោក រអ៊ូពីផលពិបាកដោយសារតែគំនិតរបស់លោក ពូទីន៕

ដោយ៖ ពេជ្រ