លោក ប៊ូ ច័ន្ទភីរូ ៖ ទីផ្សារធានារ៉ាប់រងកម្ពុជាបានរួមចំណែកក្នុងសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ១,៣% និងដង់ស៊ីតេធានារ៉ាប់រង ២០,៦៥ ដុល្លារអាម៉េរិកក្នុងមនុស្សម្នាក់

ថ្លែងនៅក្នុង សិក្ខាសាលាស្ដីពី “ការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងបញ្ជាក់ថា ទំហំទីផ្សារធានារ៉ាប់រងកម្ពុជាបានកើនទ្បើងពីប្រមាណ ២៩៩ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១ ដល់ប្រមាណ ៣៥៧ លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុល ក្នុងឆ្នាំ២០២៤ ជាមួយនឹងទ្រព្យសកម្មសរុបប្រមាណជាង ១ ប៊ីលានដុល្លារអាម៉េរិក និងមូលនិធិភាគហ៊ុនិកសរុបប្រមាណជាង ៤៤៩ លានដុល្លារអាម៉េរិក។

លោក បានបន្ថែមថា ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ បន្ទុកហិរញ្ញវត្ថុប្រមាណជាង ៨០ ប៊ីលានដុល្លារអាម៉េរិក ត្រូវបានការពារដោយកិច្ចសន្យាធានា-រ៉ាប់រង ដែលក្នុងនោះ សំណងធានារ៉ាប់រងប្រមាណជាង ១០៤ លានដុល្លារអាម៉េរិក  ត្រូវបានផ្ដល់ជូនអ្នកត្រូវបានធានា និងអ្នកទទួលផល។ យ៉ាងណាម៉ិញ ទីផ្សារធានារ៉ាប់រងកម្ពុជា បានរួមចំណែកក្នុងសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ១,១៣% និងដង់ស៊ីតេធានារ៉ាប់រង ២០,៦៥ ដុល្លារអាម៉េរិក ក្នុងមនុស្សម្នាក់។

លោក ប៊ូ ច័ន្ទភីរូ ក៏បានឲ្យដឹងដែរថា មកដល់ពេលនេះ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” គួរត្រូវបានត្រួតពិនិត្យនិងវាយតម្លៃ និងធ្វើបច្ចុប្បន្នកម្ម ដើម្បីជំរុញកំណើនទីផ្សារធានារ៉ាប់រង និងសម្ទុះអភិវឌ្ឍន៍នៃវិស័យធានារ៉ាប់រងកម្ពុជា និងបង្កើតភាពធន់ទៅនឹងវិបត្តិនានា។

សូមជម្រាបថា និយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានបើកសិក្ខាសាលាស្តីពី “ការធ្វើបច្ចុប្បន្នកម្មនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងគោលដៅចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងប្រាកដនិយមរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Written by 

Related posts

Leave a Comment