ខណៈពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតដើម្បីរំលឹកខួបទី១០០នៃការបង្កើតបក្សកុម្មុយនីស្តចិននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន បានលើកឡើងជាលើកដំបូងនូវ“ផ្លូវថ្មីសម្រាប់ធ្វើទំនើបកម្មតាមបែបផែនចិន” ។ទំនើបកម្មតាមបែបផែនចិន គឺជាការសម្រេចសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន វាមិនត្រឹមតែមានលក្ខណៈពិសេសរួមនៃការធ្វើទំនើបកម្មនៅក្នុងប្រទេសនានាប៉ុណ្ណោះទេ ថែមទាំងក៏មានចរិតលក្ខណៈរបស់ចិនដោយផ្អែកលើសភាពការណ៍ជាក់ស្តែងរបស់ប្រទេសចិនផងដែរ។
គោលបំណងដើមនៃការធ្វើទំនើបកម្មតាមបែបផែនចិន គឺធ្វើឱ្យប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់មានជីវភាពរស់នៅកាន់តែប្រសើរឡើង។ ទំនើបកម្មតាមបែបផែនចិនបានចាប់ដំណើរការនូវការពិពណ៌នាបែបថ្មីអំពីការធ្វើទំនើបកម្ម ហើយបានបំបែកគំនិតខុសឆ្គងស្តីពី“ទំនើបកម្ម = បស្ចិមភាវូបនីយកម្ម” ដែលបានផ្តល់ជម្រើសថ្មីដល់ការធ្វើទំនើបកម្មរបស់មនុស្សជាតិ ។ បើនិយាយចំពោះពិភពលោក វាក៏មានន័យថា មានទីផ្សារកាន់តែទូលំទូលាយនិងកាលានុវត្តភាពសហប្រតិបតិ្តការដែលមិនធ្លាប់មានកាលពីមុន ។
ប្រឈមនឹងបម្រែបម្រួលរបស់ពិភពលោក បម្រែបម្រួលក្នុងប្រវតិ្តសាស្ត្រនិងបម្រែបម្រួលក្នុងយុគសម័យ អ្វីដែលប្រទេសចិនស្វែងរកគឺមិនមែនជាការអភិវឌ្ឍតែខ្លួនឯងទេ តែគឺចាប់ដៃជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាសម្រេចបាននូវការធ្វើទំនើបកម្ម ។ ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានគូសបញ្ជាក់នៅពេលជួបពិភាក្សាជាមួយសម្តេចហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជាកាលពីពាក់កណ្តាលខែមេសាឆ្នាំនេះថា ប្រទេសចិននឹងប្រកាន់ខ្ជាប់ទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍និងបរិយាបន្ន ធ្វើកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាពជាមួយប្រទេសជិតខាងឱ្យបានកាន់តែស៊ីជម្រៅ ធ្វើឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្មតាមបែបផែនចិនអាចផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជិតខាង ដើម្បីរួមគ្នាជំរុញដំណើរធ្វើទំនើបកម្ម ។
ទាក់ទិននឹងករណីនេះ លោកសុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជាបានថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិននឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍរួមរបស់ពិភពលោក ។ បើនិយាយចំពោះកម្ពុជា មិនត្រឹមតែទទួលបានផលប្រយោជន៍ពីការអនុវត្តជោយជោគជ័យនូវគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”ប៉ុណ្ណោះទេ ថែមទាំងក៏បានរៀនសូត្របទពិសោធជាច្រើនពីការធ្វើទំនើបកម្មតាមបែបផែនចិនផងដែរ ។ សមិទ្ធផលសាងសង់ទាំងនេះ បានត្រួសត្រាយលំហអភិវឌ្ឍន៍កាន់តែទូលំទូលាយដល់កម្ពុជា ហើយបានជំរុញថែមមួយកម្រិតទៀតនូវការអភិវឌ្ឍប្រកបដោយពិពិធកម្មនៃសេដ្ឋកិច្ចកម្ពុជាទៀតផង ។
នៅតាមផ្លូវអភិវឌ្ឍរួម ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានក្លាយជាចំណុចដ៏លេចធ្លោនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាន ។ ផ្លូវដែកចិន-ឡាវ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនJakarta-Bandung ជាដើមបានក្លាយជានិមិត្តសញ្ញាដ៏លេចធ្លោនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។ ការអនុវត្តគម្រោងសហប្រតិបតិ្តការធ្វើឱ្យប្រជាជនទ្វេភាគីមានអារម្មណ៍ទទួលបានផលប្រយោជន៍ជាក់ស្តែង ។ ការផ្លាស់ប្តូរនិងការទៅមករវាងបុគ្គលិកមានភាពកាន់តែញឹកញាប់ ចំនួនមនុស្សទៅធ្វើធុរកិច្ច ធ្វើទេសចរណ៍និងបន្តការសិក្សាបានបំបែកកំណត់ត្រាថ្មីជារឿយៗ ការតភ្ជាប់ដួងចិត្តប្រជាជននិងមានជោគវាសនាផ្សារភ្ជាប់គ្នា បានក្លាយជាការពិតជាក់ស្តែងជាសន្សឹមៗ ។
នៅពាក់កណ្តាលខែឧសភា ឆ្នាំនេះ ចិននិងប្រទេសអាស៊ានទាំង១០ បានបញ្ចប់ទាំងស្រុងនូវកិច្ចចរចាស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន3.0 ក្នុងបរិបទថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានលើកកម្រិតលំដាប់ថ្នាក់ នឹងមានអំណោយផលដល់ការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលមានវិស័យកាន់តែទូលំទូលាយ និងស្រទាប់កាន់តែស៊ីជម្រៅ ហើយក៏មានអំណោយផលដល់ការពង្រីកដោយគ្រប់ជ្រុងជ្រោយនូវកិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ានលើវិស័យងើបឡើងថ្មីនិងកម្លាំងផលិតកម្មគុណភាពថ្មី ក៏ដូចជាជំរុញឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ទ្វេភាគីមានភាពស៊ីសង្វាក់គ្នាកាន់តែស៊ីជម្រៅ ។
ការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មតាមបែបផែនចិនបានបង្ហាញឱ្យឃើញថា វិធីសម្រាប់សម្រេចបាននូវទំនើបកម្មគឺមានច្រើនបែបយ៉ាង ។ កិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងប្រទេសអាស៊ាន ដូចជាកម្ពុជាជាដើមបានបញ្ជាក់ទៅកាន់ពិភពលោកថា ប្រទេសចិនជាដៃគូដែលអាចពឹងផ្អែកបាននិងអាចពួតដៃគ្នាកសាងវិបុលភាពរួមគ្នា ។ កម្ពុជាមានសុភាសិតមួយពោលថា “ចង្កឹះមួយបាច់ កាច់មិនបាក់”។ ឱ្យតែប្រទេសដែលគាំទ្រសមភាពនិងយុត្តិធម៌ទាំងឡាយសាមគ្គីជាមួយគ្នា ប្រឆាំងយ៉ាងដាច់ខាតនូវការធ្វើអនុត្តរភាពដោយឯកតោភាគី រួមគ្នាគាំពារសិទ្ធិអភិវឌ្ឍន៍ និងដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍រៀងៗខ្លូនឱ្យបានល្អ និងបន្តប្រមូលផ្តុំកម្លាំងដើម្បីរួមគ្នាឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈម នោះ ពិតជានឹងនាំមកនូវសុខសុភមង្គលកាន់តែច្រើនដល់ប្រជាជននៃបណ្តាប្រទេសនានាក្នុងតំបន់ ក៏ដូចជានឹងបំពេញបន្ថែមនូវថាមពលវិជ្ជមានកាន់តែខ្លាំងក្លាសម្រាប់គាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ៕



