ក្រុមការងាររកឃើញប្រភេទតុកែ និងជីងចក់ កំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅកម្ពុជា

អ្នកបរិស្ថានរកឃើញប្រភេទតុកែ និងជីងចក់ កំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅកម្ពុជា ដោយបានរកឃើញ តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាម៉េរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ នេះបើយោងតាមក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នេះ។

អ្នកស្រាវជ្រាវពាក់ព័ន្ធខាងលើបានធ្វើការកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ក្នុងនោះរួមមាន៖

១-តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ  និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។

២-ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថារកស៊ីនៅពេលយប់។

៣-ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។ khpohសរសេរជាភាឡាតាំង មានន័យថាជាភ្នំខ្ពស់។

យោងតាមរបាយទីតាំងនៃការរកឃើញប្រភេទថ្មីៗទាំងនេះ ក្រុមអ្នកស្រាវជ្រាវស្នើ ចាត់បញ្ចូលប្រភេទទាំង៣ជាប្រភេទជិតផុតពូជបំផុត(Critically Endangered)នៃក្នុងបញ្ជីក្រហម IUCN។

ការរកឃើញនេះបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីតំបន់ភ្នំថ្មកំបោរនៅកម្ពុជា ដែលជាជម្រកនៃជីវៈចម្រុះពិសេសៗដែលមានតែនៅប្រទេសកម្ពុជា ប៉ុន្តែតំបន់ភ្នំថ្មកំបោរជាច្រើន នៅពុំទាន់មានការសិក្សាស្រាវជ្រាវនៅឡើយ ហើយអ្នកវិទ្យាសាស្ត្រជឿថា ប្រភេទសត្វកម្រជាច្រើនទៀតអាចនឹងមានវត្តមានរស់នៅទីនោះ។

    កម្ពុជាសង្ឃឹមថាការរកឃើញនេះនឹងជួយពង្រឹងដល់ការការពារប្រព័ន្ធអេកូឡូសុីដ៏មានតម្លៃទាំងនេះឱ្យកាន់តែប្រសើរឡើង៕

Written by 

Related posts

Leave a Comment