អតីតទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអាមេរិក និងវរសេនីយ៍ឯក លោក Douglas Macgregor ចូលនិវត្តន៍ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ព្រមានក្រុងតេអេរ៉ង់ ពីចេតនាវាយប្រហារទីតាំងនុយក្លេអ៊ែរ ពីរម៉ោង មុនពេលការវាយប្រហារចាប់ផ្តើម។

លោក បានលើកឡើងថា សហរដ្ឋអាមេរិក ព្រមានអាជ្ញាធរអ៊ីរ៉ង់ ២ម៉ោង មុនការទម្លាក់គ្រាប់បែកលើកន្លែងនុយក្លេអ៊ែរ ។
កន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាជ្ញាធរអ៊ីរ៉ង់ មិននឹកស្មានទេថា អាមេរិក នឹងវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក ត្រាំ ក៏បាននិយាយផងដែរថាគ្មាននរណាម្នាក់ជឿថាសហរដ្ឋអាមេរិក នឹងវាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Fordow នោះទេ ព្រោះគិតថាប្រហែលជាយើង នឹងមិនជ្រៀតចូលជម្លោះនេះទេ។
កាលពីថ្ងៃទី ១៣ មិថុនា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ តិចជាង ២៤ ម៉ោងក្រោយមក អ៊ីរ៉ង់បានសងសឹក។ បន្ទាប់មក នៅព្រឹកថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ ដែលធ្វើឲ្យក្រុងតេអេរ៉ង់ បើកការវាយប្រហារដោយមីស៊ីលទៅលើ Al Udeid ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់ក្រុងវ៉ាស៊ីនតោន នៅប្រទេសកាតា៕

ដោយ៖ ពេជ្រ