“ឆ្នាំនេះគឺជាខួបទី ៣០ នៃការដែលក្រុមហ៊ុន Qualcomm របស់អាមេរិកចូលក្នុងទីផ្សារចិន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានរួមគ្នាធ្វើជាសាក្ស៊ីនៃការប្រែក្លាយពីអ្នកដើរតាមបច្ចេកវិទ្យាទូរគមនាគមន៍ចល័តទៅជាអ្នកនាំមុខនៅទូទាំងពិភពលោករបស់ចិន “។ នៅថ្ងៃទី ២៥ ខែមិថុនា លោក Meng Pu ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Qualcomm របស់អាមេរិកប្រចាំនៅតំបន់ចិនដែលអញ្ជើញចូលរួមក្នុងវេទិកា Davos រដូវក្តៅលើកទី ១៦ បានបញ្ចេញមតិយោបល់ដូចពោលខាងលើ ។
វេទិកាDavos រដូវក្តៅលើកទី ១៦ ដែលបានប្រារព្ធធ្វើនៅទីក្រុងធានជីន ប្រទេសចិនពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមិថុនានេះបានទាក់ទាញភ្ញៀវកិត្តិយសជិត ១៨០០ រូបដែលមកពីប្រទេសនិងតំបន់ជាង ៩០ លើទូទាំងពិភពលោកឱ្យចូលរួម ក្រៅពីនេះ កិច្ចប្រជុំប្រចាំឆ្នាំលើកនេះក៏បានរៀបចំធ្វើសកម្មភាពអនុវេទិកាជិត ២០០ លើកផងដែរដើម្បីរួមគ្នាបញ្ចេញសំឡេងសម្រាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ។
បច្ចុប្បន្ននេះ និម្មាបនកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិកំពុងកើតមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ ។ ឯកតោភាគីនិយមនិងគាំពារនិយមបានងើបឡើងវិញ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយបានឡើងកម្តៅ ហើយសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការវាយប្រហារស្ទួនគឺ “ពន្ធគយនិងសង្គ្រាម” ។ ក្នុងបម្រែបម្រួលនិម្មាបនកម្ម កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិកាន់តែត្រូវធ្វើសកម្មភាពប្រកបដោយលក្ខណៈស្ថាបនាថែមទៀត ។ ដូច្នេះ ប្រទេសចិនបានលើកឡើងសំណើ ៣ ចំណុចដោយសង្កត់ធ្ងន់ថា ត្រូវដោះស្រាយវិវាទនិងការខ្វែងគំនិតតាមរយៈកិច្ចពិគ្រោះពិភាក្សាដោយសមភាព ត្រូវគាំពារផលប្រយោជន៍រួមក្នុងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជាត្រូវសម្រេចបាននូវការជួយគ្នាទៅវិញទៅមកក្នុងការពង្រីកកំណើនសេដ្ឋកិច្ច ដែលបានធ្វើឱ្យអង្គប្រជុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ។ ភ្ញៀវកិតិ្តយសដែលចូលរួមក្នុងកិច្ចប្រជុំនេះបាននាំគ្នាថ្លែងថា ក្នុងបរិបទអន្តរជាតិដែលពោរពេញទៅដោយបញ្ហាប្រឈម ប្រទេសចិននឹងនាំមកនូវកម្លាំងចលករថ្មីមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកលនិងសហគ្រាសពហុជាតិ ។
នាពេលបច្ចុប្បន្ននេះ ទីផ្សារចិនកំពុងលើកកម្ពស់គុណភាពនិងពង្រីកទ្រង់ទ្រាយជាបន្តបន្ទាប់ដែលបានបង្កើតលំហកំណើនសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក យើងសម្រេចបាននូវការប្រើប្រាស់ជិត ៥០ ទ្រីលានយាន់ប្រាក់ចិន ការបណ្តាក់ទុនលើសពី ៥០ ទ្រីលានយាន់ប្រាក់ចិននិងការនាំចូលលើសពី ២០ ទ្រីលានយាន់ប្រាក់ចិន ហើយសមិទ្ធផលទាំងនេះក៏ត្រូវបានពង្រីកឥតឈប់ឈរផងដែរ។
កម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍដែលបង្កើតឡើងដោយប្រទេសចិនក៏បានមកពីការច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ផងដែរ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនមានភាពសន្ទុះខ្លាំងក្លាជាញឹកញាប់ដែលធ្វើឱ្យពិភពលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិយាកាសនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិន ។ បរិមាណការងារសរុបនៃបុគ្គលិកសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ចិនបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាដែលបានបង្កើតជាប្រព័ន្ធមុខវិជ្ជាដ៏ពេញលេញបំផុតនិងប្រព័ន្ធធនធានមនុស្សដែលមានទ្រង់ទ្រាយធំបំផុតនៅទូទាំងពិភពលោក ។ កត្តាសំខាន់ៗទាំងនេះបានទាក់ទាញប្រភពធនធានសម្រាប់ការច្នៃប្រឌិតថ្មីសកលនិងប្រមូលផ្តុំនូវកម្លាំងច្នៃប្រឌិតថ្មី ។
នាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នអន្តរជាតិជាច្រើន ដូចជាក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន J.P.Morgan Chase ជាដើមបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៥ ។ ពីខែមករាដល់ខែឧសភា ឆ្នាំនេះ សហគ្រាសទុនបរទេសដែលបានបង្កើតឡើងថ្មីនៅប្រទេសចិនមានចំនួន ២ ម៉ឺន ៤ ពាន់ ១៨ សហគ្រាស បានកើនឡើង ១០,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ សហគ្រាសពហុជាតិបានបញ្ជាក់តាមរយៈសកម្មភាពជាក់ស្តែងថា មិនថាអតីតកាលឬក៏បច្ចុប្បន្នកាលក្តី ក៏ពួកគេសុទ្ធតែរំពឹងទុកថា នឹងធ្វើជាអ្នករួមដំណើរជាមួយប្រទេសចិន ៕

