ប៉ូលិស បានឲ្យដឹង នៅថ្ងៃសុក្រនេះថា អ្នកឡើងភ្នំ ៣ នាក់ បាត់ខ្លួននៅលើកំពូលភ្នំខ្ពស់បំផុតក្នុងប្រទេសនូវែលសេឡង់ ខណការសន្និដ្ឋានបឋមជឿថាពួកគេបាត់បង់ជីវិត។
អ្នកឡើងភ្នំទាំង ៣ ត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិអាមេរិកឈ្មោះ Kurt Blair អាយុ ៥៦ ឆ្នាំ ហើយម្នាក់ទៀតឈ្មោះ Carlos Romero អាយុ ៥០ ឆ្នាំ និងម្នាក់ចុងក្រោយជាជនជាតិកាណាដាដែលគ្រួសារសុំមិនបញ្ចេញឈ្មោះ។
អ្នកទាំង ៣ ត្រូវបានគេរាយការណ៍ថាបាត់ខ្លួន ក្រោយមិនឃើញត្រលប់ទៅផ្ទះ ខណគ្រួសារបញ្ជាក់ថាពួកគេទៅឡើងភ្នំ Cook ដែលមានកម្ពស់ ៣,៧០០ ម៉ែត្រ នៅលើកោះខាងត្បូង ។
យោងតាម ប៉ូលីសក្នុងតំបន់ លោក Vicki Walker បានបញ្ជាក់ថា យើងសន្និដ្ឋានថាពួកគេទាំង ៣ បាត់បង់ជីវិតហើយ ព្រោះការបាត់ខ្លួនមានរយៈពេលច្រើនថ្ងៃមកហើយ ។
គួរបញ្ជាក់ថា ដោយសារតែអាកាសធាតុគ្រោះថ្នាក់ ធ្វើឲ្យការស្វែងរកអស់រយៈពេលបីថ្ងៃ ត្រូវបានផ្អាក ខណប្រតិបត្តិការបន្តមានការដាក់ពង្រាយឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក ដើម្បីបន្ថែមកម្លាំងរុករក៕
ដោយ៖ ពេជ្រ