ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចុះត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទនិងអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ីព្រមទាំង បានចុះពិនិត្យ តាមការដ្ឋានមួយចំនួនដូចជា ខ្លោងទ្វារខាងក្រៅខាងកើត(C12), ប្រាង្គ(C1) នៃក្រុមប្រាសាទតោ, ប្រាង្គអដ្ឋកោណ(Y)ក្រុមប្រាសាទត្រពាំងរពាក់ និងប្រាសាទក្បាលជ្រូក ព្រមទាំងពិនិត្យពីវឌ្ឍនភាពផ្លូវវាងថ្មី ក្រុមប្រាសាទសំបូរ។
សូមបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងគោលបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលអ្នកជំនាញការអន្តរជាតិបានផ្តល់អនុសាសន៍នាពេលកន្លងមក។ កិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការនេះ គ្រោងធ្វើនៅថ្ងៃទី១៩-២០ ខែមិថុនា ខាងមុខនាសណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រាខេត្តសៀមរាប៕



