អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលជាកងកម្លាំងសន្តិសុខវរជនរបស់ទីក្រុងតេអេរ៉ង់ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ង់ នឹងបន្តប្រតិបត្តិការប្រឆាំងអ៊ីស្រាអែល រហូតដល់ប្រទេសនេះរងការបំផ្លាញទាំងស្រុង។

យោងតាម ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចេតនា និងដ៍សាហាវរបស់អ៊ីរ៉ង់ ប្រឆាំងនឹងគោលដៅសំខាន់ៗ នឹងបន្តរហូតដល់ទទួលបានលទ្ធផលដែលខ្លួនចង់បាន។
អ៊ីរ៉ង់ បានបាញ់ស្រោចមីស៊ីលជាច្រើនជុំលើប្រទេសអ៊ីស្រាអែល ដែលបើកការឈ្លានពានមុន កាលពីថ្ងៃសុក្រ ដែលបង្កការភ្ញាក់ផ្អើលពេញតំបន់ ខណធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែតឹងតែងខ្លាំងជាងមុន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ Rising Lion សំដៅប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានសងសឹកក្នុងរយៈពេលតិចជាង ២៤ ម៉ោង។ អ៊ីស្រាអែល និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមក ខណបង្កឲ្យមានមនុស្សស្លាប់ និងរងរបួសទាំងសងខាង៕

ដោយ៖ ពេជ្រ