និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” នៅខេត្តរតនគិរី

ខេត្តរតនគិរី៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជនក្នុងខេត្តរតនគិរី។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំឡើងក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃ ន.ធ.ក. សមាជិកក្រុមការងារអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និង លោក ងិន ណែល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងជាកាតព្វកិច្ចជូន ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្មនិងរោងចក្រក្នុងមូលដ្ឋានខេត្តរតនគិរី។

លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃ ន.ធ.ក. បានលើកឡើងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ដែលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទ្រព្យសកម្មសរុបជាង ១,១៩ប៊ីលានដុល្លារអាម៉េរិក និងទំហំបុព្វលាភដុលប្រមាណ ៣៥៧លានដុល្លារអាម៉េរិក និងបានរួមចំណែកក្នុងសេដ្ឋកិច្ចប្រមាណ ១,១៣% ក្នុងនោះប្រជាជនកម្ពុជាម្នាក់ជាមធ្យមប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ ២០,៦៥ដុល្លារអាម៉េរិក។ លើសពីនេះ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាមានផលិតផលសម្បូរបែបជាអាទិ៍៖ ផលិតផលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។

យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានធ្វើវិសោធនកម្មក្នុងឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖

១).ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត

២).ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ

៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន

លោកស្រីបណ្ឌិតអគ្គនាយករងបានបញ្ជាក់ថា ន.ធ.ក. បានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពីការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ដែលកំណត់ដោយច្បាប់៕

Written by 

Related posts

Leave a Comment