អគ្គីភ័យឆាបឆេះយ៉ាងសន្ធោសននធៅនៅឃ្លាំងប្រេង Sharhan បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ ខណដែលប្រទេសទាំងពីរបានបើកការវាយបកគ្នាចាប់ពីថ្ងៃសៅរិ៍ ម្សិលមិញ។

អ៊ីស្រាអែលបានវាយប្រហារឃ្លាំងស្តុកប្រេងមួយក្នុងទីក្រុង Shahran ជាយក្រុងភាគពាយ័ព្យនៃទីក្រុង Tehran ខណៈភាគីទាំងពីរបានបន្តរារាំងការវាយបកគ្នាទៅវិញទៅមក ពេញមួយថ្ងៃសៅរ៍ និងដល់ថ្ងៃអាទិត្យនេះ។
វីដេអូពីកន្លែងកើតហេតុបង្ហាញពីការឆាបឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅយ៉ាងក្រាស់។ ក្រសួងប្រេងអ៊ីរ៉ង់បាននិយាយថា អ្នកពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងនោះភ្លាមៗផងដែរ។
គួររំលឹកថា នៅព្រឹកថ្ងៃសុក្រ យន្តហោះអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើទីតាំងយោធា និងនុយក្លេអ៊ែរនៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅ Natanz ផងដែរ។ មេបញ្ជាការកំពូលៗ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជើងចាស់ជាច្រើននាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងប្រតិបត្តិការធ្វើឃាតគោលដៅ។
នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា ការវាយប្រហារនេះមានគោលបំណងរារាំងអ៊ីរ៉ង់មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់ក៏បានថ្កោលទោសការវាយប្រហារនេះថា ជារឿងអយុត្តិធម៌ ហើយបានឆ្លើយតបដោយការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក kamikaze និងកាំជ្រួចផ្លោងចូលក្នុងប្រទេសអ៊ីស្រាអែល។ មន្ត្រីអ៊ីរ៉ង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលគឺជា ការប្រកាសសង្គ្រាមប្រល័យលោក៕
