ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ទទួលបានត្រឹមជើងឯករង នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Women’s Cup 2024) ក្រោយរងបរាជ័យ ៣-១ ទល់នឹងក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិឡាវថ្មី នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។
ការប្រកួតនេះ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អក្នុងការគ្រប់គ្រងបាល់ តែមិនមានសំណាងក្នុងការបញ្ចប់ទី១ ស្របពេលឱកាសដំបូងរបស់ឥណ្ឌូនេស៊ី ក៏រកបានគ្រាប់បាល់នាំមុខ នៅនាទី១៩ មុនកីឡាការិនី ហុក សៅឌី រកបានគ្រាប់តាមស្មើ នៅនាទី៣២ ។ ប៉ុន្ដែ ៣នាទីក្រោយមកឥណ្ឌូនេស៊ី ក៏បានបន្ថែមគ្រាប់នាំមុខជាថ្មី មុនពួកគេរកបានគ្រាប់ទី៣ នៅនាទី៥៨ ហើយបានរក្សាលទ្ធផលនេះ ដល់ចប់ការប្រកួតពេញម៉ោង ។
ទោះបីទទួលបានត្រឹមជើងឯករងក៏ពិតមែន តែនេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រមួយ សម្រាប់វិស័យបាល់ទាត់កម្ពុជា ពិសេសក្រុមបាល់ទាត់នារីកម្ពុជា ដែលបានបង្ហាញវត្តមានក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតំបន់រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ។ ដូច្នេះមានន័យថា ឥណ្ឌូនេស៊ី កម្ពុជា និងសិង្ហបុរី នឹងទទួលបានកៅអីលេងពាន AFF Women’s Championship 2025 ៕