នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ ក្នុងវីដេអូមួយពីការវាយប្រហារដែលបំផ្លាញផ្នែកធំនៃឃ្លាំងផ្ទុកមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ ។

លោក បានលើកឡើងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ យើងបានសម្លាប់មេបញ្ជាការយោធាកំពូល អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់ កន្លែងពង្រឹងដ៏សំខាន់បំផុតរបស់របបឥស្លាម និងផ្នែកធំនៃឃ្លាំងអាវុធមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ហើយនៅមានគោលដៅច្រើនទៀត ដែលត្រូវកំណត់បន្ត។
យោងតាម លោក Netanyahu បានបញ្ជាក់ថា អាជ្ញាធរអ៊ីរ៉ង់ មានការបារម្ភបន្ទាប់ពីការវាយប្រហារដែលធ្វើឡើងដោយអ៊ីស្រាអែលនេះ មិនដឹងថាអ្វីដែលបានកើតមានដល់ពួកគេ និងអ្វីដែលកំពុងរង់ចាំពួកគេនាពេលខាងមុខ។ ក្នុងន័យនេះ លោក បានអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់ឲ្យចាប់ផ្តើមការតស៊ូផ្តួលរំលំរដ្ឋាភិបាល។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានបើកប្រតិបត្តិការ “Rising Lion” សំដៅប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ កងកម្លាំងការពារអ៊ីស្រាអែល បានរាយការណ៍ថា យន្តហោះចម្បាំងចំនួន ២០០ គ្រឿង វាយប្រហារទៅលើគោលដៅជាង ១០០ នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងនុយក្លេអ៊ែរផងដែរ៕

ដោយ៖ ពេជ្រ