ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព័ត៌មានសម្ងាត់ដែលទទួលបានពីចារកម្មអ៊ីរ៉ង់ នឹងអនុញ្ញាតឱ្យសាធារណរដ្ឋអ៊ីស្លាមមួយនេះអាចសងសឹកដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរដែលលាក់កំបាំង ប្រសិនបើត្រូវបានវាយប្រហារដោយអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ IRIB បានលើកឡើងថា ព័ត៌មានដែលទទួលបានជាលទ្ធផលនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់ នឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ ទប់ទល់ការវាយប្រហារដ៏មានសក្តានុពលរបស់អ៊ីស្រាអែល លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់សាធារណរដ្ឋ និងដើម្បីទប់ទល់ការឈ្លានពានគ្រប់បែបយ៉ាង។
កាលពីថ្ងៃទី ៧ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ រាយការណ៍ថា សេវាកម្មពិសេសរបស់អ៊ីរ៉ង់ បានទទួលឯកសារសម្ងាត់ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីស្រាអែល។ នៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ លោក Esmaeil Khatib បាននិយាយថា អ៊ីរ៉ង់ នឹងបោះពុម្ពឯកសារចាត់ថ្នាក់ទាំងនោះក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា អ៊ីស្រាអែល ធ្លាប់គំរាមនឹងវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងករណីដែលរដ្ឋនេះ ធ្វើឲ្យបរាជ័យក្នុងកិច្ចពិភាក្សាស្ដីពីនុយក្លេអ៊ែរនេះជាមួយសហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ