ពលរដ្ឋហ្គាហ្សា ថាអ៊ីស្រាអែល មិនបើកឲ្យឡានដឹកជំនួយចូលតាមការសន្យាទេ

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រួសារជាង ៩០ ភាគរយ នៅតំបន់ហ្គាហ្សាស្ទ្រីប ខ្វះប្រាក់ទិញម្ហូបអាហារ។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា សាច់ ទឹកដោះគោ បន្លែ និងផ្លែឈើ គឺគ្មានអ្នកទិញនោះទេ ។

ទន្ទឹមនោះ OCHA ចង្អុល​បង្ហាញ​ថា ការផ្គត់ផ្គង់​បន្ត​ធ្លាក់ចុះ ដោយសារ​តែមិនមានការអនុញ្ញាត​ឡានដឹកជំនួយតាមការសន្យានោះទេ។

យោងតាមរដ្ឋាភិបាលហ្គាហ្សា បានឲ្យដឹងថា ពីមុន ឡានដឹកជំនួយប្រហែល ៥០០ គ្រឿង ចេញ និងចូលហ្គាហ្សារៀងរាល់ថ្ងៃ។ នៅថ្ងៃទី ១៨ ខែឧសភា កងទ័ពអ៊ីស្រាអែល បានប្រកាសពីការចាប់ផ្តើមសកម្មភាពយោធានៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលជាផ្នែកនៃប្រតិបត្តិការ Gideon’s Chariots ។ កាលពីថ្ងៃទី ១៩ ខែឧសភា អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថា ពួកគេនឹងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារជាមូលដ្ឋានដល់តំបន់ហ្គាហ្សា ដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រោះទុរភិក្សនៅក្នុងតំបន់។

យោងតាមការចាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) បានបញ្ជាក់ថា ប្រជាជនប្រហែល ១.៩៥ លាននាក់នៅហ្គាហ្សា កំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ ខណដែលជាង ១៣៣.០០០ នាក់ កំពុងអត់ឃ្លាន។

 IPC បានព្រមានថា ជាមួយនឹងការប្រកាសពង្រីកប្រតិបត្តិការយោធានៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប អសមត្ថភាពជាបន្តបន្ទាប់នៃភ្នាក់ងារមនុស្សធម៌ក្នុងការចូលទៅកាន់ប្រជាជនដែលមានតម្រូវការធ្ងន់ធ្ងរ ការកើនឡើងដែលរំពឹងទុកនៅក្នុងអរិភាព និងការផ្លាស់ទីលំនៅជាបន្តបន្ទាប់នៃប្រជាជន ហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នឹងអាចកើតមានយ៉ាងពិតប្រាកដ៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment