ខេត្តរតនគិរី÷ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានដឹកនាំកម្លាំងដាក់គ្រឿងចក្រ ចុះសម្រួលផ្លូវ និងចាក់ថ្មកិនបង្ហាប់កន្លែងដែលលំបាកធ្វើដំណើរ ចន្លោះស្រុកអូរជុំ និងស្រុកវើនសៃ ដែលមានទីតាំងស្ថិតនៅម្ដុំភ្នំកាច់ចង្កេះ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរ ជាអន្តរកាល នារដូវភ្លៀងធ្លាក់នេះ។

ទាក់ទងទៅនឹងការរៀបចំកែសម្រួលលើកំណត់ផ្លូវលេខ ៧៨c នេះដែរ លោក សាយ សាមាន បានឲ្យដឹងថា ផ្លូវនេះគឺជាផ្លូវដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត ដែលតាមគម្រោង នឹងស្ថាបនាជាផ្លូវកៅស៊ូ DBST ដែលមានប្រវែងជាង ២០គីឡូម៉ែត្រ ចេញពីរង្វង់មូលស្រុកអូរជុំ ឆ្ពោះទៅដល់ទីរួមស្រុកស្រុកវើនសៃ ហើយត្រូវបានថែទាំជួសជុលជាប្រចាំ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។
លោកប្រធានមន្ទីរ បានលើកឡើងថា ផ្លូវនេះ ជាខ្សែសេដ្ឋកិច្ចមួយយ៉ាងសំខាន់ចេញពីស្រុកវើនសៃ ឆ្លងកាត់ស្រុកអូរជុំ ឆ្ពោះទៅស្រុកនានា។ ផ្លូវនេះនៅរដូវភ្លៀង តែងតែមានការស្រុតផុង ធ្វើឲ្យលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ជាពិសេសត្រង់តំបន់ភ្នំកាច់ចង្កេះនេះតែម្ដង ដែលមានជម្រាលអូរ ជ្រលងភ្នំជ្រៅ ហើយបត់បែនច្រើនទៀត។

លោកប្រធានមន្ទីរ បានឲ្យដឹងបន្ថែមទៀតថា ជាក់ស្ដែងដូចជាពេលនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃ បានបង្កឲ្យលំបាកដល់ប្រជាពលរដ្ឋនៅតំបន់នេះ ក្នុងការធ្វើដំណើរឆ្លងកាត់ និងប្រកបមុខរបរផ្សេងៗ។ ដើម្បីជាការជួយសម្រួលដល់ប្រជាពលរដ្ឋ មន្ទីរសាធារណការ ខិតខំដឹកថ្មដាក់គ្រឿងចក្រកៀរបង្ហាប់ ចាក់តំបន់ដែលមានចំណោទរអិលខ្លាំង កិនថ្មម៉ិច បង្ហាប់បន្ថែម ដើម្បីជាការសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន។
ជាមួយគ្នានោះដែរ លោក សាយ សាមាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មលើដងផ្លូវនេះ សូមកុំដឹកលើសទម្ងន់ ព្រោះផ្លូវដី វាបៀមទឹកនៅរដូវវស្សា ងាយរងការខូចខាត ពិបាកក្នុងការធ្វើដំណើរទាំងអស់គ្នាធ្វើឲ្យមានការរាំងស្ទះ។

លោក ក៏បានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវនេះ មានការយោគយល់នៅក្នុងរដូវវស្សានេះផង ព្រោះរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត កំពុងតែគិតគូរក្នុងការសាងសង់ផ្លូវនេះ ជូនប្រជាពលរដ្ឋ ជាដំណាក់កាលតាមកញ្ចប់ថវិកា៕

