ខេត្តរតនគិរី÷ ម្ចាស់ចម្ការដាំទុរេនម៉ាន់ថងមួយកន្លែង ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី បានបង្ហាញពីក្តីសប្បាយរីករាយជាខ្លាំង និងចាប់ផ្តើមប្រមូលផលហើយ ខណៈតម្លៃក៏លក់បានថ្លៃល្អដូចឆ្នាំមុន។

បើតាមម្ចាស់ចម្ការ លោក លី ចាន់ អាយុ៦០ឆ្នាំ បានលើកឡើងថា ហេតុផលនៃការដាំដុះដំណាំទុរេនដោយសារដីរបស់លោកមានជីវជាតិ ហើយអំណោយផល និងសម្លឹងឃើញថាដំណាំទុរេនមានតម្លៃល្អ អាចបង្កើនជីវភាពគ្រួសារបានកាន់តែល្អប្រសើឡើង។ លោកមាន ផ្ទៃដីទំហំ ៤ហិកតា មានទុរេនជាង៣០០ដើម ជាប្រភេទម៉ាន់ថង។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះទុរេនរបស់លោកប្រមាណ១៣០ដើមបាននិងកំពុងប្រមូលផលលក់ដូរបានកាក់កបល្អប្រសើរ។ចំពោះតម្លៃនៅក្នុងឆ្នាំនេះ ក៏មានហាងឆេងខ្ពស់ទាំងការបោះដុំ និងលក់រាយ។ ម្ចាស់ចម្ការរូបនេះ លើកឡើងថា បើទោះបីទីផ្សារទុរេននាំចូលមានច្រើនក៏ពិតមែន ប៉ុន្ដែសម្រាប់ទុរេនធម្មជាតិរបស់លោកនៅតែមានឱកាសប្រកួតប្រជែងលើទីផ្សារខ្ពស់ដដែល។
ម្ចាស់ចម្ការដដែល បានបញ្ជាក់ដែរថា បច្ចុប្បន្នផ្លែទុរេនចាស់ជិតទុំលក់បានតម្លៃ ២០,០០០រៀលក្នុងមួយគីឡូក្រាម ប្រហាក់ប្រហែលនិងឆ្នាំមុនដូចគ្នា។ហើយក្រៅពីអតិថិជនជាអាជីវករបញ្ជាទិញនៅមានភ្ញៀវដើរលំហែរក្នុងស្រុកមួយចំនួនធំទៀត បានចុះមកទិញដល់ចម្ការផ្ទាល់ផងដែរ។

លោកថា ដើមខែមិថុនានេះទុរេនធម្មជាតិក្នុងខេត្ត បានចាប់ផ្ដើមប្រមូលផលដើម្បីប្រកួតប្រជែងក្នុងទីផ្សារហើយដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលធម្មជាតិក្នុងស្រុក ដែលគ្មានសារធាតុគីមីវិញ។
ដោយឡែក លោកស្រី យូ កូលី ត្រូវជាកូនបង្កើត លោក ឡី ចាន់បញ្ជាក់បន្ថែមដែរថាផ្លែទុរេននៅខេត្តរតនគិរី ចាប់ផ្តើមទុំនៅអំឡុងដើមខែមិថុនា ជារៀងរាល់ឆ្នាំ។ ក្រៅពីនេះជាទុរេននាំចូលពីក្រៅប្រទេសទេ ទាំងគុណភាពក៏មិនដូចទុរេនក្នុងស្រុកដែរ ហើយចំពោះសាច់ទុរេនខ្មែរវិញមាន ពណ៌ទឹកដោះគោ ចំណែកសាច់ទុរេននាំចូលពីក្រៅប្រទេសមានពណ៌លឿងមិនឈ្ងុយ និងរសជាតិមិនឈ្ងុយដូចខ្ទឹះដូងឡើយ។

សូមបញ្ជាក់ថា ក្នុងខេត្តរតនគិរីមានផ្ទៃដីដាំដុះទុរេន សរុបចំនួន ៧៤១ ហិកតាក្នុងនោះ ផ្ទៃដីប្រមូលផលមាន៥១០ហិកតា ហើយទិន្នផលទទួលបាន៤,០១០តោន។ ការដាំដំណាំទុរេននៅខេត្តរតនគិរី នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនក្នុងខេត្ត។ ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។
ដូច្នេះកសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេនដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។ ប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។
ទោះបីជាដំណាំនេះ ទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឲ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេសទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលបានជោគជ័យ៕

