កំពត៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវលេខ ៤១ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខ ខណដែលគម្រោងនេះសម្រេចលទ្ធផលសាងសង់ជិតរួចរាល់ទាំងស្រុងហើយ។
ការចុះពិនិត្យនេះផងដែរគឺដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
សូមបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ(PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)។
គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួមបាន ៩៧,០១% ហើយ ដោយក្នុងនោះ ការងារអ៊ុតកៅស៊ូ AC បានបញ្ចប់ស្ទើរ១០០ភាគរយ ការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ៕