ពិធី​បិទ​សិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល​ ស្ដីពីការសិក្សាចិត្តសង្គម និងអារម្មណ៍

រាជធានីភ្នំពេញ​៖ នាព្រឹកថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជា​អធិបតី​ក្នុង​ ពិធី​បិទ​សិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល​ ស្ដីពីការសិក្សាចិត្តសង្គម និងអារម្មណ៍​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ កញ្ញា​ Catherine Wilczek តំណាង​អង្គការ​យូណេស្កូ​ ប្រចាំ​ទីក្រុង​បាងកក​ លោកស្រីបណ្ឌិត​ នីលីម៉ា ជូប្រា អ្នកឯកទេសអភិវឌ្ឍកុមារតូចតំណាង ARNEC និង​ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ដែល​អញ្ជេីញ​មក​ពី​ គណៈកម្មាធិការ​ជាតិ​គាំពារ​និង​អភិវឌ្ឍ​កុមារ​តូច​ នាយកដ្ឋាន​អប់រំ​កុមារ​តូច​ នាយកដ្ឋាន​កិច្ចការ​បណ្ដុះបណ្ដាល​ នាយកដ្ឋាន​វិក្រឹតការ​ សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​ សាលា​មធ្យម​សិក្សា​គរុកោសល្យ​មត្តេយ្យ​មជ្ឈឹម​ ចំនួន​៣២នាក់​។

សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ គឺជាផ្នែកសំខាន់មួយនៃគម្រោងដែលកំពុងដំណើរការរបស់អង្គការយូណេស្កូ ដើម្បីគាំទ្រដល់ប្រទេសជាសមាជិកក្នុងការរៀបចំដាក់បញ្ចូល SEL នៅក្នុងប្រព័ន្ធ ECCE ។  សិក្ខាសាលានេះ ជាសកម្មភាពថ្នាក់ជាតិដ៏សំខាន់មួយ ដើម្បីដំណើរការក្របខណ្ឌ APETT-SEL នៅក្នុងប្រទេសកម្ពុជា។ UNESCO សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដឹកនាំ ការរៀបចំ និងការសម្របសម្រួលបច្ចេកទេសនៃដំណើរការវគ្គបណ្ដុះបណ្ដាលនេះ​ ហេីយជាការរួមចំណែកដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ជាតិក្នុងការរួមបញ្ចូល SEL ទៅក្នុងការអប់រំគ្រូបង្រៀនដែលកំពុងបណ្ដុះបណ្ដាល និងបណ្ដុះបណ្ដាលបន្ដ។

ការសិក្សាពីសង្គម និងអារម្មណ៍ (SEL) គឺមានសារៈសំខាន់ក្នុងការអប់រំកុមារតូច (ECE) ព្រោះវាផ្តល់ឱ្យកុមារនូវជំនាញក្នុងជីវិតសំខាន់ៗ ដូចជាការយល់ដឹងដោយខ្លួនឯង ការគ្រប់គ្រងអារម្មណ៍ ការយល់ចិត្តអ្នកដទៃនិងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ SEL ជំរុញសមត្ថភាពរបស់កុមារក្នុងការប្រាស្រ័យទាក់ទងជាវិជ្ជមានជាមួយមិត្តភក្ដិ គ្រប់គ្រងអារម្មណ៍ និងអភិវឌ្ឍភាពធន់ ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យក្នុងការសិក្សា និងសុខុមាលភាពផ្ទាល់ខ្លួន។ រយៈពេលដំបូងនៃកុមារភាពផ្តល់នូវឱកាសដ៏ល្អសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍជាមួយនឹងគំនិតរឹងមាំ និងរាងកាយដែលមានសុខភាពល្អសម្រាប់ការកសាងសមត្ថភាព SEL ដែលមានសារៈសំខាន់សម្រាប់ការរៀនសូត្រពេញមួយជីវិតក្នុងសតវត្សទី២១ ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ លោកជំទាវ​ បណ្ឌិត​ រដ្ឋមន្ត្រី​ស្ដី​ទី​ បាន​កោត​សរសេីរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​អង្គការ​យូណេស្កូ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បណ្ដុះបណ្ដាល​ពីការ​សិក្សាសង្គម​និង​អារម្មណ៍​ ដែល​ជា​រឿង​ដ៏សំខាន់​សម្រាប់​លោកគ្រូ​ អ្នកគ្រូ​ក្នុង​អប់រំ​កុមារតូច​ឱ្យ​ចេះគ្រប់​គ្រង​លេី​ខ្លួនឯងនិង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន។ ជាក់ស្ដែង​ការ​ប្រែប្រួល​ក្នុង​សង្គម​ បរិស្ថាន​ មនុស្ស​ជុំ​វិញ​ខ្លួន​ សម្ពាធការងាររបស់អាណាព្យាបាល​ បាន​ជះ​ឥទ្ធិពល​ទៅ​អារម្មណ៍​របស់​កុមារតូច​ដែល​ងាយ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ ហេីយ​សិក្ខាសាលា​ពិត​ជា​ឆ្លេីយតប​ទៅ​នឹង​តម្រូវ​ការ​ចាំ​បាច់​ចំពោះ​មុខ​នៅ​ក្នុង​ការ​គាំពារ​ និង​អភិវឌ្ឍ​កុមារ​តូច​ ក៏ព្រោះ​ក្នុង​វ័យ​កុមារតូច​ ការ​អភិវឌ្ឍ​ខាង​ផ្នែក​​ខួរ​ក្បាល​អាចទទួល​នូវ​សម្ពាធ​ផ្លូវ​ចិត្ត​ ហេីយការ​ធ្វេី​ឱ្យ​កុមារ​ចេះ​ស្គាល់​ពី​ខ្លួន​ឯង​ ចេះគ្រប់​គ្រង​អារម្មណ៍​ ចេះចែក​រំលែកក្ដី​ស្រឡាញ់​ ចេះរួម​រស់​នៅ​ជាមួយ​កុមារ​ផ្សេង​ទៀត​ ធ្វេី​ឱ្យ​គាត់​មាន​សុខភាព​ផ្លូវ​ចិត្ត​ នាំ​មក​នូវ​សុខ​ភាព​ សន្តិភាព​ពី​ក្នុង​ថ្នាក់​រៀន​តូច​មួយ​របស់​គាត់​ ឈាន​ទៅ​ក្នុង​សង្គមដេីម្បី​ធ្វេី​ឱ្យ​សង្គម​មួយ​មាន​សន្តិភាព​ទាំង​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត។ ពិត​ណាស់មុខវិជ្ជា SEL ជាមុខវិជ្ជា​ថ្មី​ ប៉ុន្ដែ​ជាមុខវិជ្ជា​គោល​ ជាមូលដ្ឋាន​គ្រឹះ​ដ៏សំខាន់​ ត្បិត​នា​ពេល​បច្ចុប្បន្ន​មនុស្ស​ជា​ច្រេីន​រង​នូវ​សម្ពាធ​ផ្លូវ​ចិត្ត​ ដែល​អាច​ឈាន​ទៅ​រក​ការ​គិត​អវិជ្ជមាន​ផងដែរ​ ដែល​នេះ​អាច​ឃេីញ​ពី​សារៈសំខាន់​នៃ​មុខវិជ្ជា SEL ទៅក្នុង​ការ​សិក្សា​របស់​កុមារតូច​ត្រូវ​ចាប់​ផ្ដេីម​ពី​ពួកគាត់​ដេីម្បី​បណ្ដុះនូវ​មូលធន​មនុស្ស​រឹងមាំ​សម្រាប់​ប្រទេសជាតិ។

សាជាថ្មី​ម្ដង​ទៀត​ តាងនាម​ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ លោក​ជំទាវ​បណ្ឌិត​ រដ្ឋមន្ត្រី​ស្ដីទី​ បាន​ថ្លែងអំណរ​គុណ​ដល់​អង្គការ​យូណេស្កូ​ ប្រចាំ​ទីក្រុង​បាងកក​ និង​តំណាង ARNEC​ដែល​បាន​ជួយ​គាំទ្រ​ទាំង​ថវិកា​និង​បច្ចេកទេស​ដល់​អង្គ​សិក្ខាសាលា​ និង​សង្ឃឹម​ថា​សិក្ខាកាមទាំង​​នាំ​យក​ចំណេះដឹង​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ក្នុង​អង្គ​សិក្ខាសាលា​នេះ​ យក​បន្ត​ទៅអនុវត្ត​និង​ចែក​រំលែក​ដល់​លោកគ្រូ​ អ្នកគ្រូ​ឱ្យ​បាន​ប្រសិទ្ធភាព​ខ្ពស់​៕

Written by 

Related posts

Leave a Comment