អាជ្ញាធរជាតិព្រះវិហារដឹកនាំដោយឯកឧត្តម ផេង សំអឿន អគ្គនាយករង បានទទួលស្វាគមន៍ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ ប្រាសាទព្រះវិហារ សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និងសហគមន៍ធម្មជាតិទំនប់អូរស្វាយ ដើម្បីស្វែងយល់ពីកិច្ចការងារអភិរក្ស ការងារអភិវឌ្ឍ និងសក្តានុពលវិស័យទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក។
ថ្លែងនៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិព្រះវិហារលើការងារអភិរក្ស ជួសជុលប្រាសាទ និងការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ទាំងពីរ។ ជាមួយគ្នានោះដែរ ឯកឧត្តមនឹងជំរុញឲ្យមន្ទីរទេសចរណ៍ខេត្តព្រះវិហារ និងនាយកដ្ឋានផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ ចូលរួមសហការជាមួយអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងបញ្ជូនគ្រូបង្គោលបណ្តុះបណ្តាលវិជ្ជាជីវៈលើជំនាញទេសចរណ៍ នានា ដល់សហគមន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ ដើម្បីបង្កើននូវគុណភាពផ្តល់សេវាទេសចរណ៍កាន់តែប្រសើរ និងប្រកបដោយវិជ្ជាជីវៈ។






