ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធបានប្រកាសសមាជិកនៃគណៈប្រតិភូរបស់ខ្លួនសម្រាប់កិច្ចចរចាកម្រិតខ្ពស់ជាលើកដំបូងជាមួយអ៊ុយក្រែនក្នុងរយៈពេលបីឆ្នាំ។ ភាគីទាំងពីរត្រូវបានគេរាយការណ៍ថានឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ក្នុងប្រទេសតួកគី។

ទីក្រុងមូស្គូកំពុងបញ្ជូនលោក Vladimir Medinsky ដែលជាជំនួយការរបស់ប្រធានាធិបតី Vladimir Putin ជាតំណាងចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់នោះ។ លោកបានបម្រើការជាប្រធានគណៈប្រតិភូរុស្ស៊ីក្នុងការចរចាបទឈប់បាញ់នៅឆ្នាំ ២០២២។ លោកនឹងត្រូវបានចូលរួមនៅទីក្រុងអ៊ីស្តង់ប៊ុលរួមជាមួយអនុរដ្ឋមន្ត្រីការបរទេសលោក Mikhail Galuzin ប្រធានទីភ្នាក់ងារចារកម្មយោធាលោក Igor Kostyukov និងអនុរដ្ឋមន្ត្រីការពារជាតិ Alexander Fomin ។
មេដឹកនាំអ៊ុយក្រែនមិនបានបញ្ជាក់ថាតើនៅទីណាក្នុងប្រទេសតួកគីដែលពួកគេនឹងរៀបចំការចរចានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីលោក Volodymyr Zelenskyy បានទទូចថា លោក និងលោក Putin គួរតែជួបមុខទល់មុខគ្នា ខណដែល ទីភ្នាក់ងារ រ៉យទ័របានរាយការណ៍ថា លោក Zelensky កំពុងធ្វើដំណើរទៅកាន់រដ្ឋធានីអង់ការ៉ា។
លោក Taras Berezovets អ្នកវិភាគផ្នែកយោធា និងនយោបាយនៅកងកម្លាំងការពារដែនដីអ៊ុយក្រែន បាននិយាយថា កិច្ចចរចាផ្តល់ឱកាសសម្រាប់ប្រជាជនអ៊ុយក្រែន ដើម្បីបង្ហាញប្រធានាធិបតីអាមេរិកលោកDonald Trump ថាពួកគេយកចិត្តទុកដាក់ក្នុងការឈានដល់កិច្ចព្រមព្រៀង។
លោក Berezovets បាននិយាយថា “សម្រាប់អ៊ុយក្រែន វានឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួបជាមួយរុស្ស៊ីនៅគ្រប់កម្រិត សូម្បីតែក្នុងកម្រិតនៃរដ្ឋមន្ត្រីការបរទេសក៏ដោយ ពីព្រោះ Trump គួរតែត្រូវបានបញ្ចុះបញ្ចូលថាអ៊ុយក្រែនកំពុងស្វែងរកកិច្ចចរចាសន្តិភាពទាំងនេះ ដែលអ៊ុយក្រែនត្រៀមខ្លួនសម្រាប់បទឈប់បាញ់ មិនដូចរុស្ស៊ី”។
លោកបានបន្ថែមថា ការលើកទ្បើងរបស់រុស្ស៊ីជាញ៉ឹកញ៉ាប់បានចាត់ទុកលោក Zelenskyy ថាជាជនក្រៅច្បាប់ ដូច្នេះវាជាការអាម៉ាស់សម្រាប់លោក Putin ប្រសិនបើលោកត្រូវជួបលោក Zelensky នាពេលណាមួយនោះ។ ដូច្នេះលោកជឿថា ការចរចាផ្ទាល់រវាងមេដឹកនាំទាំងពីរទំនងជាមិនកើតទ្បើងទេ៕

ដោយ៖ ពេជ្រ