កងកម្លាំងប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសស៊ីរីកំពុងដណ្តើមយកបានទីក្រុងធំទីពីរគឺអាឡិបប៉ូ ខណដែលរុស្ស៊ីនិងអ៊ីរ៉ង់បានរួមគ្នាបើកប្រតិបត្តិការវាយបកលើក្រុមឧទ្ទាម។
ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបញ្ជាក់ដែរថាខណនេះកងកម្លាំងជាតិស៊ីរី បាននិងកំពុងវាយបកវិញ ដោយមានជំនួយពីរុស្ស៊ី និងការសន្យាផ្តល់ជំនួយពីអ៊ីរ៉ង់ថែមទៀត។
ចំណែកក្រុមឧទ្ទាម បើតាមតាមសេចក្តីរាយការណ៍បានឲ្យដឹងថាក្រុមគេបានកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុង អាឡិបប៉ូ និងកំពុងវាយទៅខិតជិតដល់ខេត្ត ហាម៉ា ដែលស្ថិតនៅភាគកណ្តាលដ៏សំខាន់និងជាចំណុចយុទ្ធសាស្ត្រផងដែរ។
ទីភ្នាក់ងារ NHK បានទទួលបានវីដេអូដែលគេជឿថាមកពីទីក្រុង Aleppo កាលពីថ្ងៃសៅរ៍ ដោយបង្ហាញថា តាមផ្លូវស្តិតក្នុងភាពទទេ និងហាងលក់ទំនិញត្រូវបានបិទ។ អ្នកស្រុកក៏បានរៀបរាប់ថា ពួកគេបានត្រឡប់ទៅទីក្រុងវិញដោយចេញពីតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។ កងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងព្យាយាមបញ្ឈប់ការរុលទៅមុខដោយធ្វើការវាយឆ្មក់តាមអាកាសរួមគ្នាជាមួយកងកម្លាំងរុស្ស៊ី។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសន្យាគាំទ្រកងកម្លាំងរបស់រដ្ឋាភិបាល ខណដែលលោកបានបញ្ជាក់ថា លោកបាននិយាយជាមួយលោក Assad តាមទូរស័ព្ទកាលពីថ្ងៃចន្ទ ហើយបានសម្តែងការត្រៀមខ្លួនរបស់ទីក្រុង Tehran ក្នុងការផ្តល់ជំនួយណាមួយដល់រដ្ឋាភិបាលក្រុង Damascus ដើម្បីដោះស្រាយវិបត្តិដែលកំពុងបន្តផ្ទុះទ្បើងនៅស៊ីរី។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កងកម្លាំងរដ្ឋាភិបាលអាចនឹងទទួលបានជំនួយនោះឆាប់ៗនេះពីរុស្ស៊ីនិងអ៊ីរ៉ង់។ សារព័ត៌មានដដែលអះអាងថា យុទ្ធជនយ៉ាងហោចណាស់ ៣០០ នាក់មកពីកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់បានឆ្លងចូលទៅក្នុងប្រទេសស៊ីរីរួចហើយដើម្បីជួយកងកម្លាំងរដ្ឋាភិបាលស៊ីរី៕
ដោយ៖ ពេជ្រ