ខេត្តស្វាយរៀង៖កាលពីល្ងាចថ្ងៃ សុក្រ ទី ០៩ ខែ ឧសភា ឆ្នាំ ២០២៥ នេះ លោកជំទាវលោក ដួង វណ្ណា ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល ពិសារអាហារសាមគ្គីមនុស្សធម៌ និងទទួលមូលនិធិពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលពិធីនេះប្រព្រឹត្តទៅនៅអគារសន្និបាតគជ់ស្វាយព្រៃ ។

យោងតាមស្មារតីយកចិត្តទុកដាក់ខ្ពស់ពី លោកជំទាវប្រធានកិត្តិយសសាខា និងឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក្រោយពីបានទទួលសេចក្តីណែនាំ ស្តីពីការប្រារព្ធពិធីអបអរខួបលើកទី ១៦២ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា បានណែនាំឱ្យសាខានិមួយៗជ្រើសរើស ធ្វើមីទ្ទិញ ឬធ្វើសេចក្តីអំពាវនាវ ។ បន្ទាប់មកគណៈកម្មាធិការសាខាបានប្រជុំ ពិភាក្សាឯកភាព សម្រេចជ្រើសរើសយកការធ្វើសេចក្តីអំពាវនាវដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យសាធារណៈជនបានស្គាល់ និងយល់ដឹងអំពីប្រវត្តិសកម្មភាពកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បាន និងកំពុងអនុវត្តយ៉ាងសកម្ម ឆ្លើយតបគ្រប់ស្ថានភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដោយប្រើមូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ។

ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា និងឯកឧត្តម ប៉េង ពៅធិ៍សា បានកោតសរសើរ និងសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ដែលបានលះបង់កម្លាំងកាយចិត្តមិនគិតពីការនឿយហត់ និងពេលវេលា ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន នាពេលកន្លងមក និងពេលនេះ ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសូមអំពាវនាវសប្បុរសជនជួយឧបត្ថម្ភគាំទ្រ សម្ភារៈ និងថវិកា ដល់សាខា បន្តទៀត ដើម្បីមានធនធានក្នុងការជួយដល់ជនងាយ រងគ្រោះ និងរងគ្រោះមហន្តរាយក្នុងខេត្ត បានទាន់ពេលវេលា ស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា ” និង “ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នឹងរង់ចាំទទួលមូលនិធិរបស់ សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខា រៀងរាល់ម៉ោងធ្វើការ៕គឹមសេង







