អ្នកនាំពាក្យប្រមុខ UN បានថ្លែងកាលពីថ្ងៃច័ន្ទថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សម្តែងការព្រួយបារម្ភយ៉ាងខ្លាំចំពោះមុខនៃការកើនឡើងនូវអំពើហិង្សានៅក្នុងប្រទេសស៊ីរី ហើយបាននិងកំពុងអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់។
អ្នកនាំពាក្យលោក Stephane Dujarric បានរំលេចនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ភាគីទាំងអស់ត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារជនស៊ីវិល និងកម្មវត្ថុស៊ីវិល រួមទាំងអនុញ្ញាតឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាពដល់ជនស៊ីវិលដែលកំពុងភៀសខ្លួនពីអរិភាពនោះ។ លោកបានបន្ថែមថា ស៊ីរីបានស៊ូទ្រាំនឹងជម្លោះអស់រយៈពេលជិត ១៤ ឆ្នាំមកហើយ។ ពួកគេសមនឹងទទួលបានការយល់ដឹងអំពីនយោបាយដែលនឹងផ្តល់អនាគតប្រកបដោយសន្តិភាព មិនមែនជាការបង្ហូរឈាមគ្នាទៀតទេ។
ប្រទេសស៊ីរីមានសង្រ្គាមចាប់តាំងពីអំទ្បុងដែលប្រធានាធិបតីលោក Bashar al-Assad បានបង្ក្រាបការតវ៉ាលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ ២០១១ ជាមួយនឹងការប្រយុទ្ធគ្នាជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងមហាអំណាចបរទេស និងក្រុមជីហាដបានធ្វើឱ្យមនុស្សប្រហែល ៥០០,០០០ នាក់បានស្លាប់។ ជម្លោះភាគច្រើនបានស្ងប់ស្ងាត់ជាមួយនឹងលោក Assad ត្រលប់មកគ្រប់គ្រងប្រទេសជាច្រើនឆ្នាំរហូតដល់សប្តាហ៍មុន នៅពេលដែលសម្ព័ន្ធមិត្តឧទ្ទាមដឹកនាំដោយអ៊ីស្លាមបានចាប់ផ្តើមការវាយលុករបស់ខ្លួន ហើយដណ្តើមកាន់កាប់ទឹកដីមួយចំនួន។
យោធាស៊ីរី និងសម្ព័ន្ធមិត្តរុស្ស៊ី បានឆ្លើយតបជាមួយនឹងការវាយឆ្មក់តាមអាកាសយ៉ាងសាហាវទៅលើតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាម PKK។
លោក Dujarric បាននិយាយថា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសត្រូវបាន ផ្អាកជាទ្រង់ទ្រាយធំ នៅទូទាំងទីក្រុងអាឡិបប៉ូ អ៊ីដលីប និងហាម៉ា ដោយសារការព្រួយបារម្ភអំពីសន្តិសុខ។ លោកបាននិយាយថា បញ្ហានេះបាននាំឱ្យមានការរំខានយ៉ាងខ្លាំងនៅក្នុងសមត្ថភាពរបស់មនុស្សក្នុងការទទួលបានជំនួយសង្គ្រោះជីវិត។ លោកបន្ថែមថា អង្គការសហប្រជាជាតិនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយមនុស្សធម៌ទោះជាប្រឈមបញ្ហាសន្តិសុខក៏ដោយចុះ។
លោក Dujarric បានព្រមានថា វត្តមាននៃសាកសពដែលមិនត្រូវបានកប់ និងកង្វះទឹកផឹកនៅក្នុងប្រទេសស៊ីរី បានគំរាមកំហែងដល់សុខភាពសាធារណៈ ខណដែលការខូចខាតមន្ទីរពេទ្យសាកលវិទ្យាល័យក្នុងទីក្រុង Aleppo បានធ្វើឱ្យអ្នកជំងឺរាប់រយនាក់គ្មានការថែទាំ។ លោកបានបន្តថា ស៊ីរីកំពុងតែជួបវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោករួចទៅហើយនៅមុននេះ ដោយមានមនុស្ស ១៦.៧ លាននាក់ត្រូវការជំនួយ និងជាង ៧ លាននាក់ត្រូវផ្លាស់ទីលំនៅពីខាងក្នុង។មនុស្សជាងកន្លះលាននាក់ក៏បានភៀសខ្លួនពីលីបង់ទៅកាន់ប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយលក្ខខណ្ឌរដូវរងានឹងធ្វើឱ្យតម្រូវការក្នុងប៉ុន្មានសប្តាហ៍ខាងមុខកាន់តែធ្ងន់ធ្ងរទៅៗ៕
ដោយ៖ ពេជ្រ