នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្ដម José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅវិមានប្រធានាធិបតី។
ការបំពាក់គ្រឿងឥស្សរិយយសជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ពីសំណាក់ ប្រធានាធិបតី ក៏ដូចជារដ្ឋាភិបាលទីម័រឡេស្តេនាពេលនេះ គឺដើម្បីបង្ហាញនូវកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏ធំធេងរបស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេជាង២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន៕





