អតីតមេបញ្ជាការរង វរសេនាតូចលេខ៣ ស្រក់ទឹកភ្នែករលីងរលោង អរគុណទឹកចិត្តមេបញ្ជាការ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩  បានជួយឧបត្ថម្ភថវិកាចំនួន ៤៣០.០០០រៀល (៤៣ម៉ឺនរៀល) អង្ករចំនួន០៣បេ ទឹកក្រូចចំនួន០១កេស ទឹកសុទ្ធចំនួន០១កេស ជួយដល់លោក ហួត សុខហឿន អតីតមេបញ្ជាការរង វរសេនាតូចលេខ៣ បច្ចុប្បន្នជាយោធិនសោធននិវត្តន៍ មានជំងឺប្រចាំកាយសម្រាកព្យាបាលនៅផ្ទះ។

ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានសំណេះសំណាល សួរសុខទុក្ខអំពីស្ថានភាពរស់នៅ ក៏ដូចជាស្ថានភាពជំងឺប្រចាំកាយរបស់លោក ហួត សុខហឿន និងបានជូនពរឲ្យបានឆាប់ជាសះស្បើយពីជំងឺ ។

ជាមួយគ្នានោះដែរក្នុងនាមមេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ បានថ្លែងនូវការដឹងគុណចំពោះ លោក ហួត សុខហឿន ជាយោធិនចូលនិវត្តន៍ ក៏ដូចជាយោធិនចូលនិវត្តន៍ និងយោធិនពិការគ្រប់រូប នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកន្លងមកបានចំណាយពេលដ៏មានតម្លៃ ហើយស្ទើរពេញមួយជីវិត បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។ បើទោះបីជាបងប្អូនបានសម្រាកពីការងារក៏ពិតមែន ការចូលរួមចំណែកដល់សង្គមជាតិកន្លងមក គឺបានចូលរួមកកសាងអភិវឌ្ឍន៍ ការថែរក្សាសន្តិភាព ស្ថេរភាព ជាពិសេសការចូលរួមចំណែកកសាងជាតិជាមួយរាជរដ្ឋាភិបាលគ្រប់ដំណាក់កាល។

ក្នុងសំលៀកបំពាក់ខោជើងវែង អាវពណ៌ត្រេអ៉ីដៃខ្លី ដោយកាន់ឈើច្រត់ទាំងទឹកភ្នែករលីងរលោង លោក ហួត សុខហឿន បានថ្លែងអំរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដែលជួយឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួននាពេលនេះ ដែលពិតជាតម្រូវការចាំបាច់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់លោកនិងក្រុមគ្រួសារ ។ ទឹកចិត្តរបស់លោកមេបញ្ជាការគឺពិតជាមិនមានអ្វីអាចកាត់ថ្លៃបានដែលតែងតែងជួយរាល់ការលំបាករបស់បងប្អូនយោធិនសោធននិវត្តន៍កន្លងមក។

មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ មិនដែរបោះបង់ យុទ្ធមិត្តរូបណានោះទេ លោកតែងតែស្វែងរកដំណឹងអតីតយុទ្ធមិត្តទាំងអស់ដែលធ្លាប់កំសត់កម្រជាមួយគ្នាក្នុងសមរភូមិ និងតែងតែស្កាត់ទៅជួបគ្នា ហើយជារឿយៗតែងតែចុះទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភចំពោះយុទ្ធមិត្តណាដែលមានការខ្វះខាត និងបញ្ហាផ្សេង៕

Written by 

Related posts

Leave a Comment