នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីរបស់លោកបានសម្រេចចិត្តលើប្រតិបត្តិការជាថ្មីនៅហ្គាហ្សា។ លោកបាននិយាយថា ជនស៊ីវិលនឹងត្រូវបានផ្លាស់ប្តូរទីតាំងនៅក្នុងតំបន់ជុំវិញសម្រាប់ការការពាររបស់ពួកគេ។

ប្រតិបត្តិការនេះត្រូវបានគេរាយការណ៍ថានឹងចាប់ផ្តើមបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់មជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលដែលនិយាយថានឹងមាន ឱកាសសម្រាប់កិច្ចព្រមព្រៀងចំណាប់ខ្មាំង ប៉ុន្តែប្រសិនបើវាបរាជ័យ ប្រតិបត្តិការថ្មីនឹងចាប់ផ្តើមដោយកម្លាំងខ្លាំងជាងមុន។
មន្ត្រីកងកម្លាំងការពារអ៊ីស្រាអែលនិយាយថា ពួកគេមានគម្រោងជម្លៀសអ្នកស្រុកនៅភាគខាងជើង Gaza ទៅភាគខាងត្បូង ដើម្បីកត់សម្គាល់និងបែងចែកពួកគេចេញពីក្រុមយុទ្ធជនហាម៉ាស។ បន្ទាប់មក ពួកគេនឹងមានការធានាសន្តិសុខនៅតំបន់នោះ និងមានទាហានប្រចាំការនៅទីនោះផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍ថា រដ្ឋាភិបាលក៏បានសម្រេចលើផែនការបន្តការផ្តល់ជំនួយមនុស្សធម៌ឡើងវិញ។ ពួកគេនិយាយថា ក្រុមសន្តិសុខឯកជន និងអង្គការអន្តរជាតិនឹងចែកចាយអាហារដោយផ្ទាល់ដល់គ្រួសារនីមួយៗ ដើម្បីកុំឱ្យការផ្គត់ផ្គង់នានាចូលក្នុងដៃក្រុមហាម៉ាស ខណដែលរដ្ឋាភិបាលមិនបានអនុម័តការប្រគល់ទំនិញបែបនេះទេចាប់តាំងពីខែមីនា។
លោកស្រី Olga Cherevko អ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា ផែនការនេះ មិនស្របតាមគោលការណ៍មនុស្សធម៌នោះទេ។ លោកស្រីបន្តថា ការផ្តល់ការគ្រប់គ្រងដល់ជនស៊ីវិល និងប្រតិបត្តិការបន្ថែមទៀតដល់ភាគីជម្លោះនៅហ្គាហ្សានឹងជាការប្រឈមនឹងអ្វីដែលយើងគិតថា ជំនួយនឹងមិនទៅដល់ជនងាយរងគ្រោះនោះទ្បើយ។
អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានឲ្យដឹងថា មនុស្សជាង ៥២,០០០ នាក់ហើយត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅហ្គាហ្សា៕

ដោយ៖ ពេជ្រ