ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas គ្រោងនឹងពិភាក្សាអំពីទំនាក់ទំនងជាមួយទីក្រុងមូស្គូ និងស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងជំនួបជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន នាថ្ងៃទី ១០ ខែឧសភា ។

ទន្ទឹមនោះ ទីប្រឹក្សារបស់លោក Abbas លោក Mahmoud al-Habbash បានប្រាប់ថា កិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យភាគីនានាពិភាក្សាអំពីវិធីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសដោយសារតែមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងជិតស្និទ្ធរវាងប៉ាឡេស្ទីន និងរុស្ស៊ី។
លោក Abbas ក៏នឹងលើកឡើងស្តីពីការវិវត្តន៍ថ្មីៗនៅប៉ាឡេស្ទីន ទាក់ទងនឹងការឈ្លានពានដែលកំពុងបន្តរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ជាពិសេសនៅតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាដំណោះស្រាយបុព្វហេតុប៉ាឡេស្ទីន។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅរុស្ស៊ី លោក Abdel Hafiz Nofal ក៏បានបញ្ជាក់ពីកិច្ចពិភាក្សារវាង លោក Abbas ជាមួយប្រធានាធិបតីរុស្ស៊ីលោក ពូទីន នៅថ្ងៃទី ១០ ឧសភា នេះផងដែរ៕

ដោយ៖ ពេជ្រ