ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងគិតអំពីជំនួបដ៏មានសក្តានុពលមួយ ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ព្រះរាជាណាចក្រនេះ នៅពាក់កណ្តាលខែឧសភា ខាងមុខ។

អ្នកយកព័ត៌មាន បានសួរមេដឹកនាំអាមេរិករូបនេះថាតើលោក មានបំណងជួបជាមួយសមភាគីរុស្ស៊ី ក្នុងអំឡុងពេលដំណើរកម្សាន្តដែលគ្រោងទុក ឬទេ។ លោក ត្រាំ ឆ្លើយថា ខ្ញុំនឹងគិតអំពីវាក្នុងខែនេះ។
ចាប់តាំងពីចូលកាន់តំណែងមក លោក ត្រាំ ត្រូវបានគេជឿជាក់យ៉ាងខ្លាំងថា នឹងអាចចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន បានយ៉ាងមានប្រសិទ្ធភាព ព្រោះដោយសារតែទំនាក់ទំនងដ៏គួរឲ្យកត់សម្គាល់រវាងលោក និងលោក ពូទីន៕

ដោយ៖ ពេជ្រ