បន្ទាប់ពីកាន់អំណាច១០០ថ្ងៃ លោកត្រាំនិងគោលនយោបាយ “អាមេរិកជាអាទិភាព”របស់លោកបានជួបប្រទះឧបសគ្គធំ ! តាមការស្ទង់មតិពីរលើករបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន១ម៉ឺន៥ពាន់៩រយ៤៧នាក់ដែលមកពីប្រទេសចំនួន៣៨លើពិភពលោកនៅខែកុម្ភៈនិងខែមេសាឆ្នាំនេះឱ្យដឹងថា កម្រិតពេញចិត្តរបស់អ្នកផ្តល់បទសម្ភាសន៍អាមេរិកចំពោះសភាពការណ៍កាន់អំណាចរបស់លោកត្រាំបានធ្លាក់ចុះយ៉ាងឆាប់រហ័ស និន្នាការនៃគោលនយោបាយការទូត “អាមេរិកជាអាទិភាព”ធ្វើឱ្យអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសជាសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិកនិងប្រទេសសកលខាងត្បូងមានទុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីកំពុងរងវិបត្តិទំនុកចិត្តជាសកលដ៏ធ្ងន់ធ្ងរ ។
តាមទិន្នន័យបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍អាមេរិកចំនួន៤៨,៩ភាគរយមិនពេញចិត្តចំពោះការកាន់អំណាចនៃរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីចាប់តាំងពីពេលចូលកាន់អំណាចមកម៉្លេះ ។ ក្នុងនោះ អ្នកផ្តល់បទសម្ភាសន៍អាមេរិកចំនួន៥៣,១ភាគរយបានរិះគន់ថា គោលនយោបាយ “ពន្ធគយបដិការ”របស់រដ្ឋាភិបាលអាមេរិកបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារភាគហ៊ុនអាមេរិក ហើយអ្នកផ្តល់បទសម្ភាសន៍អាមេរិកចំនួន៦០,៤ភាគរយបានយល់ឃើញថា គោលនយោបាយសេដ្ឋកិច្ចក្នុងស្រុករបស់អាមេរិកមិនត្រឹមតែមិនអាចទប់ស្កាត់អតិផរណាប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាបណ្តាលឱ្យតម្លៃទំនិញឡើងថ្លៃទៅវិញ ។
គោលនយោបាយ “សហរដ្ឋអាមេរិកជាអាទិភាព”ធ្វើឱ្យទូទាំងពិភពលោកត្រូវបង់តម្លៃ ដែលបំផ្លាញយ៉ាងខ្លាំងនូវកម្រិតទំនុកចិត្តរបស់សម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិក ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍របស់ប្រទេសជាច្រើនដូចជាកាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុននិងអូស្ត្រាលីជាដើមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ។ ក្រៅពីនេះ អ្នកផ្តល់បទសម្ភាសន៍បានសម្គាល់ឃើញជាទូទៅថា គំនិត “សហរដ្ឋអាមេរិកជាអាទិភាព”ធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែធ្វេសប្រហែសចំពោះសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន ។
ការស្ទង់មតិនេះសហការរៀបចំដោយបណ្តាញទូរទស្សន៍ CGTN ជាមួយសកលវិទ្យាល័យប្រជាជនចិនដោយអ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួន១ម៉ឺន៥ពាន់៩រយ៤៧នាក់ដែលមកពីប្រទេសចំនួន៣៨លើទូទាំងពិភពលោក ដែលបូករួមទាំងប្រទេសអភិវឌ្ឍន៍ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំងនិងជប៉ុនជាដើម ហើយក៏មានអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសកំពុងអភិវឌ្ឍន៍ដូចជាម៉ិកស៊ិក អាហ្វ្រិកខាងត្បូងនិងម៉ាឡេស៊ីជាដើម ៕
