ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា អគ្គីភ័យបានឆាបឆេះភោជនីយដ្ឋានមួយកន្លែងក្នុងខេត្ត Liaoning ភាគឦសានប្រទេសចិន កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ២២ នាក់ និង ៣នាក់ផ្សេងទៀតរងរបួស។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដែលគ្រប់គ្រងដោយរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថា ភោជនីយដ្ឋាននេះមានទីតាំងនៅទីក្រុង Liaoyang ហើយភ្លើងបានចាប់ផ្តើមឆេះភ្លាមៗកាលពីវេលាថ្ងៃត្រង់ថ្ងៃអង្គារ។
តាមវីដេអូពីកន្លែងកើតហេតុបង្ហាញពីអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបានឆាបឆេះ ហើយមានផ្សែងខ្មៅហុយឡើងលើអាកាស។យ៉ាងណាក៏ដោយតាមសេចក្តីរាយការណ៍ថា ក្រុមពន្លត់អគ្គិភ័យបានបាញ់ពន្លត់ហើយ នៅប៉ុន្មានម៉ោងក្រោយ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ភោជនីយដ្ឋាននេះគឺជាអគារពីរជាន់។ សារព័ត៌មានក៏បានដកស្រង់សម្តីសាក្សីម្នាក់ដែលនិយាយថាខ្យល់ខ្លាំងបានបក់មកពេលភ្លើងបានចាប់ផ្តើម ហើយអណ្តាតភ្លើងបានរាលដាលយ៉ាងលឿន។ ប៉ូលីសបានឃាត់ខ្លួនប្រតិបត្តិករភោជនីយដ្ឋានហើយក៏កំពុងពិនិត្យរកមូលហេតុនៃការឆេះនេះ ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យអាជ្ញាធរ កំណត់អត្តសញ្ញាណភ្លាមៗ អំពីមូលហេតុនៃការឆេះនេះ ហើយសម្រាប់អ្នកទទួលខុសត្រូវ ត្រូវតែទទួលខុសត្រូវយ៉ាងតឹងរ៉ឹង តាមច្បាប់។
លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការធានាសុវត្ថិភាពសាធារណៈ និងស្ថិរភាពសង្គម ខណៈដែលប្រទេសចិនហៀបនឹងឈានចូលដល់ថ្ងៃឈប់សម្រាកខែឧសភា ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ៕

ដោយ៖ ពេជ្រ