បន្ទាយមានជ័យ ៖នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០:៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថភាព និងទទួលបដិសណ្ឋារកិច្ចប្រតិភូនៃស្ថានទូតអូស្ត្រាលីប្រចាំនៅរាជធានីភ្នំពេញដឹកនាំដោយលោកស្រី SAM KITSCHER លេខាធិការទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញ និងលោកស្រី EACHEL BELL ស្នងការស៊ើបអង្កេត តំណាងឱ្យនគរបាលសហព័ន្ធអូស្ត្រាលីនៅរាជធានីភ្នំពេញ និងសហការីដែលបានអញ្ជើញមកទស្សន:កិច្ចសិក្សាស្វែងយល់អំពីស្ថានភាពទូទៅនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជួបសំណេះសំណាលជាមួយមន្ត្រីប៉ុស្តិ៍ នៅសាលប្រជុំជាន់ទី២ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

ក្នុងឱកាសជួបសំណេះសំណាលនេះផងដែរ លោកស្រី SAM KITSCHER បានលើកជាសំនួរមួយចំនួនពាក់ព័ន្ធជំនាញអន្តោប្រវេសន៍ដល់មន្ត្រី និងបានសម្ដែងនូវការកោតសរសើដល់ថ្នាក់ដឹកនាំនឹងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទាំងអស់ដែលបានយកចិត្តទុកដាក់ចូលរួមសហការជាមួយក្រុមការងាររបស់លោកស្រីបានយ៉ាងល្អប្រសើរប្រកបដោយភាពរីករាយរាក់ទាក់គួរជាទីមោទន ។
ជាថ្មីម្ដងទៀតលោកស្រីក៏បានថ្លែងនូវអំណរអរគុណចំពោះរបាយការណ៍ដែលប៉ុស្តិ៍បានរាយការណ៍អំពីលំហូរចេញ-ចូលរបស់អ្នកដំណើរជាតិ-អន្តរជាតិ ជាពិសេសគុណសម្បត្តិ និងគុណវិបត្តិរបស់ជនជាតិអូស្ត្រាលីចេញ-ចូលឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
កិច្ចសំណេះសំណាលបានបញ្ចប់នៅវេលាម៉ោង១១:៥០នាទីព្រឹកថ្ងៃដដែល បន្ទាប់មកលោកស្រី រួមទាំងសហការីបានអញ្ជើញពិនិត្យសកម្មភាពការងារមន្ត្រីជំនាញប្រថាប់ត្រាតាមបញ្ជរបំពេញបែបបទចេញ-ចូលប្រទេស និងបានត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព៕





