ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងការអះអាងថា កងកម្លាំងអ៊ុយក្រែននៅតែបន្តធ្វើប្រតិបត្តិការនៅតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីនៅទ្បើយទេ។ ការអះអាងបែបនោះធ្វើទ្បើងបន្ទាប់ពី ទីក្រុងមូស្គូថ្មីៗនេះបានអះអាងថា ខ្លួនបានដណ្តើមយកទឹកដីនេះមកវិញទាំងស្រុងហើយ ហើយលោក ពូ ទីន ក៏បានថ្លែងនូវការអបអរសាទរចំពោះជ័យជម្នះនោះផងដែរ។

ប៉ុន្តែលោក Zelenskyy បានបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យដោយអះអាងថាប្រតិបត្តិការការពារសកម្មកំពុងដំណើរការនៅទីក្រុង Kursk និង Belgorod នៅទ្បើយទេ។
លោកប្រធានាធិបតីក៏បានជំរុញឱ្យពិភពលោកដាក់សម្ពាធបន្ថែមទៀតលើទីក្រុងម៉ូស្គូ។ លោកបានកត់សម្គាល់ពីស្ថានភាពជួរមុខ និងសកម្មភាពរបស់កងទ័ពរុស្ស៊ីបង្ហាញថា កម្រិតនៃសម្ពាធបច្ចុប្បន្នមិនគ្រប់គ្រាន់ដើម្បីនាំឲ្យសង្រ្គាមចប់នោះទេ។
ទន្ទឹមនោះយោធាអ៊ុយក្រែនក៏បានចេញផ្សាយនូវរបាយការណ៍មួយដែលមានផែនទីនៃតំបន់សមរភូមិជួរមុខផងដែរកាលពីថ្ងៃអាទិត្យ។ តាមផែនទីបានចង្អុលបង្ហាញតំបន់ដែលយោធាបញ្ជាក់ថាខ្លួនបានដណ្តើមយកតំបន់មួយចំនួន។ របាយការណ៍ថែមទាំងបានកត់សម្គាល់ថាអង្គភាពអ៊ុយក្រែនបានរារាំងការវាយប្រហាររបស់រុស្ស៊ីចំនួន ១៥ ដង។

ការវិវត្តន៍នៃស្ថានការណ៍ខាងលើនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការអះអាងលើបញ្ហានេះនៅក្នុងសន្និសីទសង្ខេបមួយ។ លោក Valery Gerasimovបានអះអាងថាការតាំងទីលំនៅចុងក្រោយនៅ Kursk ត្រូវបាន”រំដោះ” ពីអង្គភាពរបស់អ៊ុយក្រែន។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញខ្លួនកាលពីថ្ងៃអាទិត្យក្នុងកម្មវិធីទូរទស្សន៍របស់សហរដ្ឋអាមេរិក។ លោកថា ការចរចាសន្តិភាពត្រូវតែចាប់ផ្តើម។ លោកRubio បានបន្ថែមថាសប្តាហ៍នេះនឹងក្លាយជារឿងសំខាន់ ព្រោះថាទីក្រុងវ៉ាស៊ីនតោនអាចសម្រេចចិត្តថាតើខ្លួនចង់បន្តពាក់ព័ន្ធការចរចាឬយ៉ាងណា។
លោកលេខាធិការក៏ត្រូវបានសួរអំពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។ គាត់បានឆ្លើយថា បញ្ហានេះមិនទាន់ដល់ពេលនៅទ្បើយទេ៕

ដោយ៖ ពេជ្រ