អាជ្ញាធរសន្តិសុខរុស្ស៊ី បានឲ្យដឹងថា ពួកគេបានឃាត់ខ្លួនភ្នាក់ងារនៃសេវាកម្មពិសេសរបស់អ៊ុយក្រែនដោយសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះរថយន្តនៅជាយក្រុងមូស្គូ ដែលបានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីម្នាក់។

សេវាសន្តិសុខសហព័ន្ធរុស្ស៊ី ឬហៅកាត់ថា FSB បានថ្លែងឲ្យដឹងកាលពីថ្ងៃសៅរ៍ថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានអាយុ ៤០ឆ្នាំ ពាក់ព័ន្ធនឹងឧប្បត្តិហេតុកាលពីថ្ងៃសុក្រដែលបំផ្ទុះរថយន្តបណ្តាលឲ្យស្លាប់ឧត្តមសេនីយ៍រុស្ស៊ីម្នាក់។ ឧត្តមសេនីយ៍ឯក YaroslavMoskalik អនុប្រធាននាយកដ្ឋានប្រតិបត្តិការចម្បងនៃអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុនេះ។
FSB បានឲ្យដឹងថា ជនសង្ស័យបានទទួលសមាសធាតុសម្រាប់គ្រឿងផ្ទុះពីឃ្លាំងសម្ងាត់ដែលបង្កើតឡើងដោយសេវាកម្មពិសេសរបស់អ៊ុយក្រែននៅក្នុងតំបន់មូស្គូ ហើយបានបង្កប់វានៅក្នុងរថយន្ត។

FSB ក៏បានឲ្យដឹងផងដែរថា គ្រឿងផ្ទុះត្រូវបានបំផ្ទុះពីចម្ងាយពីប្រទេសអ៊ុយក្រែន នៅពេលដែលឧត្តមសេនីយឯកបានចាកចេញពីផ្ទះរបស់គាត់។
ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីបានចាក់ផ្សាយវីដេអូដែលចេញផ្សាយដោយ FSB ហើយវាបានបង្ហាញបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាជាជនសង្ស័យដែកបាននិយាយថាគាត់បានទិញរថយន្តមួយកាលពីខែកុម្ភៈឆ្នាំនេះតាមការណែនាំហើយបានយកកាមេរ៉ាវីដេអូនិងគ្រាប់បែកពីកន្លែងលាក់ខ្លួនហើយដំឡើងវានៅខាងក្រោយឡាននោះ។
ការផ្ទុះជាបន្តបន្ទាប់ និងឧប្បត្តិហេតុផ្សេងទៀតបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីវាបានបើកការលុកលុយអ៊ុយក្រែន។ កាលពីខែធ្នូឆ្នាំមុន មន្ត្រីយោធារុស្ស៊ីពីរនាក់បានស្លាប់នៅក្នុងការបំផ្ទុះនៅទីក្រុងមូស្គូ៕

ដោយ៖ ពេជ្រ