អ៊ីរ៉ង់បានចេញបញ្ជាដោយដាក់កម្លាំងយោធារបស់ខ្លួនលើការប្រុងប្រយ័ត្នខ្ពស់ ហើយបានព្រមានប្រទេសជិតខាងដែលមានមូលដ្ឋានទ័ពអាមេរិកកុំឱ្យគាំទ្រការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលមានសក្តានុពលលើអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Reuters កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីដែលដឹងអំពីបញ្ហានេះ។

ចំណាត់ការដែលកាសែតបានរាយការណ៍ខាងលើនេះធ្វើឡើងបន្ទាប់ពីលិខិតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ដែលជំរុញឱ្យមានការចរចាដោយផ្ទាល់ក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង Tehran ខណដែលលោក Trump ក៏បានគំរាមយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងថ្មីមិនត្រូវបានសម្រេច។
ក្រុងតេអេរ៉ង់ដែលបដិសេធថា ខ្លួនមិនបានស្វែងរកអាវុធនុយក្លេអ៊ែរនោះទេ ហើយក៏បានច្រានចោលការទាមទារឲ្យមានការចរចាផ្ទាល់ជាមួយអាមេរិកផងដែរ។
រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានហៅសំណើរបស់Trump ថា វាគ្មានន័យអ្វីទាំងអស់ ហើយក៏បានចោទសួរថា តើលោកTrump មានភាពស្មោះត្រង់របស់ដែរឬទេ ចំពោះបញ្ហានេះ។ លោកបន្តថា ប្រសិនបើអ្នកចង់ចរចា តើអ្វីទៅជាការគំរាមកំហែងដែលចេញពីមាត់របស់លោក?។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ បានចេញសេចក្តីជូនដំណឹងដល់អ៊ីរ៉ាក់ គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា តួកគី និងបារ៉ែន ដោយព្រមានថា ការអនុញ្ញាតឱ្យកងកម្លាំងអាមេរិកប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ពួកគេនឹងត្រូវបានចាត់ទុកថាជាអំពើអរិភាពជាមួយអ៊ីរ៉ង់។
មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ត្រូវបានកាសែតដកស្រង់សម្ដីមកផ្សាយថា “ទង្វើខាងលើបែបនេះនឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់ពួកគេ”។ ប្រភពបានបញ្ជាក់ថា លោក Khamenei បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
គួររំលឹកថា ក្នុងឆ្នាំ 2015 ទីក្រុងតេអេរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិដើម្បីកំណត់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ លោក Trump បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៧ ហើយបានដាក់ទណ្ឌកម្មឡើងវិញជាផ្នែកនៃយុទ្ធនាការ“សម្ពាធអតិបរមា” ប្រឆាំងនឹងអ៊ីរ៉ង់។ សាធារណរដ្ឋឥស្លាមមួយនេះបានឆ្លើយតបដោយការពង្រីកការអនុលោមតាមច្បាប់របស់ខ្លួនក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ផងដែរ។
យ៉ាងណាក៏ដោយ អ៊ីរ៉ង់នៅតែបើកចំហសម្រាប់ការចរចាដោយប្រយោលជាមួយអាមេរិកតាមរយៈប្រទេសអូម៉ង់។ នេះបើយោងតាម Reuters ។ មន្ត្រីអ៊ីរ៉ង់បាននិយាយថា ការពិភាក្សាដោយប្រយោលផ្តល់ឱកាសដើម្បីវាយតម្លៃភាពធ្ងន់ធ្ងររបស់វ៉ាស៊ីនតោនអំពីដំណោះស្រាយនយោបាយ។ មន្ត្រីរូបនេះបានបន្ថែមថា ការពិភាក្សាអាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ប្រសិនបើសញ្ញារបស់សហរដ្ឋអាមេរិកគឺពិតប្រាកដ។
លោក Araghchi ក៏បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ចង់បានការពិភាក្សាស្តីពី ការមានបង្ហាញនូវតម្លាភាពរវាងអ៊ីរ៉ង់និងអាមេរិក។ លោកបានពណ៌នាពីសហរដ្ឋអាមេរិកថាជា “ភាគីដែលគំរាមកំហែងឥតឈប់ឈរដើម្បីងាកទៅរកការបង្ខំដោយបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយដែលបង្ហាញពីជំហរផ្ទុយពីមន្ត្រីផ្សេងៗរបស់ខ្លួន”។
ឧត្តមសេនីយទោ Hossein Salami ដែលជាមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានព្រមានកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់សង្គ្រាមណាមួយជាមួយអមិត្ត។
ចំណែករុស្ស៊ីបាននិយាយមុននេះថា ការគំរាមកំហែងរបស់អាមេរិកចំពោះប្រទេសអ៊ីរ៉ង់គឺមិនអាចទទួលយកបាន ដោយអំពាវនាវឱ្យមានការអត់ធ្មត់៕

ដោយ៖ ពេជ្រ