ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ចំនួន ៣៧ នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅកាតាបានរាយការណ៍ដោយដកស្រង់ពីនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់ហ្គាហ្សា ។

ចំនួនអ្នកស្លាប់ បានបន្តកើនឡើង នៅពេលដែលអ៊ីស្រាអែល បង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនលើទឹកដីទាំងមូលនៃតំបន់នោះ។ បន្ទាប់ពីបានបន្តការទម្លាក់គ្រាប់បែករបស់ខ្លួនឡើងវិញ យោធាអ៊ីស្រាអែល ក៏បើកប្រតិបត្តិការជើងគោកនៅក្នុងស្រុកភាគខាងកើតនៃទីក្រុង Rafah ភាគខាងត្បូង និងជាយក្រុងភាគខាងជើងនៃទីក្រុងហ្គាហ្សា ផងដែរ។
ការវាយប្រហារផ្លូវអាកាសដ៏ធំនេះ បានផ្តោតលើទីតាំងរបស់ក្រុមហាម៉ាស ដែលអ៊ីស្រាអែល ប៉ុនប៉ងកម្ចាត់ក្រុមនេះ ចេញពីពិភពលោក ។
កាលពីថ្ងៃទី១៨ ខែមីនា កងទ័ពអ៊ីស្រាអែល បានបន្តប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា ដោយបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើតំបន់ជុំវិញនោះ។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញភាពត្រឹមត្រូវចំពោះការផ្លាស់ប្តូរដោយការបដិសេធរបស់ចលនាហាម៉ាសប៉ាឡេស្ទីនរ៉ាឌីកាល់លើសំណើដែលធ្វើឡើង ក្នុងអំឡុងកិច្ចពិភាក្សាជាមួយអន្តរការី និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លោក Steve Witkoff។
គូសបញ្ជាក់ផងដែរថា គោលដៅនៃប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប គឺរំដោះចំណាប់ខ្មាំងទាំងអស់។ ពួករ៉ាឌីកាល់បានបន្ទោសអ៊ីស្រាអែល និងអាមេរិក ចំពោះការចាប់ផ្តើមអរិភាពឡើងវិញម្ដងទៀត ៕

ដោយ៖ ពេជ្រ