អាមេរិក​ សួរក្រុមហ៊ូធី ថាប៉ុណ្ណឹង ឬចង់បន្តទៀត

ជំនួយការ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ លោក Sean Parnell បាននិយាយថា សហរដ្ឋ​អាមេរិក​ នឹង​បញ្ចប់​ប្រតិបត្តិការ​របស់​ខ្លួន​ប្រឆាំង​ក្រុមហ៊ូធី ប្រសិនបើពួកគេ​បញ្ឈប់រាល់សកម្មភាព​វាយប្រហារ​លើ​កប៉ាល់នៅតាមសមុទ្រសំខាន់ៗ ។

លោក Parnell បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ូធី អាចកំណត់ថាពេលបញ្ចប់ការវាយប្រហារនេះ ដោយការបើកផ្លូវដឹកជញ្ជូនតាមសមុទ្រ ហើយត្រូវប្រាកដថាយើងមានសេរីភាពក្នុងការធ្វើសមយុទ្ធនៅតំបន់នោះ។

យោងតាម លោក Alexus Grynkewich ឧត្តមសេនីយឯកនៃកងទ័ពអាកាសសហរដ្ឋអាមេរិក បានលើកឡើងថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការមកយើងវាយប្រហារច្រើនជាង ៣០ គោលដៅ នៅក្នុងប្រទេសយេម៉ែន។ ទោះ​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ពី​ទីតាំង​ពិត​ប្រាកដ​នៃ​គោលដៅ​ទាំង​នេះ​ទេ ប៉ុន្តែ​ថាមិន​មាន​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ណាមួយឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមីនា សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងរបស់ពួកហ៊ូធី ក្នុងប្រទេសយេម៉ែន ដោយផ្អែកលើបញ្ជារបស់លោកប្រធានាធិបតី Donald Trump ។ យោងតាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) អះអាងថា ប្រតិបត្តិការនេះ មានគោលបំណងការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងធានាសុវត្ថិភាពនៃចរាចរណ៍ផ្លូវសមុទ្រ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment